វិសាខារង់ចាំដល់វគ្គទី២ទើបឈ្នះសៀមរាបអេហ្វស៊ី
ក្រុមការពារតំណែងជើងឯក វិសាខា, ព្រះខ័នរាជស្វាយរៀង , ណាហ្គាវើលដ៍ និង បឹងកេត សុទ្ធតែទទួលបានជ័យជម្នះក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិបន្ទាប់ពីឈ្នះរៀងៗខ្លួនលើក្រុមមកពីលីគលំដាប់ទី២ នាថ្ងៃទី ២៧ ខែ កក្កដានេះ។ គួរឲ្យកត់សម្គាល់ក្រុមទាំង ៤ សុទ្ធតែបិទមិនឲ្យគូប្រកួតទាត់បញ្ចូលទីដូចគ្នា។
វិសាខា ត្រូវរង់ចាំដល់វគ្គទី២ ទើបអាចរកគ្រាប់បាល់ដល់ទៅ៦គ្រាប់ ដែលមានន័យថា ឈ្នះសៀមរាបអែហ្វស៊ី ៦-០ នៅកីឡដ្ឋានស្វាយធំ។ កែវ សុខផេង ជាកីឡាកររកបានហែទ្រីកដំបូងគេសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយនេះ ខណៈដែល ស៊ិន កក្កដា រកបាន ២ គ្រាប់ និង សារ ទី រកបាន ១ គ្រាប់ក្នុងជ័យជម្នះខាងលើនេះ។
លទ្ធផលផ្សេងៗ ក្រុមជើងឯក ៤ សម័យ ព្រះខ័នរាជស្វាយរៀង ស៊ី សូលទីឡូអង្គរត្រឹម ១-០ ប៉ុណ្ណោះនៅទឹលាន ហនុមាន ដែលទាត់បញ្ចូលទីដោយឡុង ភារ៉ាត់។
រីឯកជើងឯកឆ្នាំ ២០១៣ ណាហ្គាវើលដ៍ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបយូណាយធីតដោយលទ្ធផល ៤-០ នៅអេ អ៊ី យូស្ពតផាក។ នុប តុលា រកបាន ២ គ្រាប់, នេន សុធារដ្ឋ ១ គ្រាប់ និង ហេងទីណា ១ គ្រាប់។
ក្រុមជើងឯកឆ្នាំ ២០១៩ បឹងកេត បានយកឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ២-០ ដែលរកបានដោយ តាំង ប៊ុនឆៃ និង សៀង ចន្ធា។
ការប្រកួតជើងទី២ សម្រាប់ក្រុមដែលទើបប្រកួតចប់នៅថ្ងៃនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែ សីហា ខាងមុខ។
ដោយឡែក ការប្រកួតវគ្គ ១៦ ក្រុមចំពោះ៤គូផ្សេងទៀត នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ៣ ខែសីហា ដោយកោះកុងអែហ្វស៊ី ប៉ះ អង្គរថាយហ្គឺរ , ព្រែវែងអែហ្វស៊ី តតាំង ភ្នំពេញក្រោន , នគរបាលជាតិ ជួបប្រកួត កងយោធពលខេមរភូមិន្ទ និង អគ្គិសនីកម្ពុជា ប្រឈមនឹង គិរីវង់សុខសែនជ័យ។
គួរដឹង ពានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៧ មកម៉្លេះ ហើយពីមួយឆ្នាំទៅមួយឆ្នាំមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ និងមានក្រុមចូលរួមយ៉ាងផុសផុលពីថ្នាក់ខេត្តរហូតដល់កម្រិតលីគកំពូល។
មានតែ ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និង វិសាខា ទេដែលអាចការពារជើងឯកពានសម្ដេចហ៊ុន សែន នៅឆ្នាំកន្លងទៅ។ ភ្នំពេញក្រោន ឈ្នះជើងឯកឆ្នាំ ២០០៨ និង ២០០៩។ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកឆ្នាំ ២០១១ និង ២០១២ ហើយ វិសាខា ឈ្នះជើងឯកឆ្នាំ ២០២០ និង ២០២១៕