
គ្រូ Juventus ថា Ronaldo មិនទាន់រកគ្រាប់បាល់នៅលីគអ៊ីតាលីបានដោយសារមូលហេតុមួយ
គ្រូបង្វឹក Juventus លោក Massimiliano Allegri បានបង្ហើបពីមូលហេតុដែលធ្វើឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo មិនទាន់អាចរកគ្រាប់បាល់នៅលីគអ៊ីតាលីបាន ក្រោយពេលផ្ទេរមកពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំបានចូលលេងឱ្យ Juventus ពេញម៉ោងបាន៣ប្រកួតហើយ តែមិនទាន់ស៊ុតចូលនៅឡើយទេ ទោះប៉ុនប៉ងសំដៅទីជាច្រើនលើកក្ដី។
លោក Allegri និយាយថា៖ “គេ (Ronaldo) មានការប្រកួតអស្ចារ្យមួយ។ នៅអ៊ីតាលី កីឡាករត្រូវរួមចំណែកច្រើនលើការការពារ ហើយគេដឹងអំពីរឿងនេះ។ គេជាកីឡាករវៃឆ្លាតម្នាក់។ នៅអ៊ីតាលី វាពិបាកក្នុងការរក៤០គ្រាប់ម្នាក់ឯងក្នុងមួយរដូវកាល”។
គួរបញ្ជាក់ថា អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid បានស៊ុតចំនួន២៣ជើងដោយមិនមានគ្រាប់បាល់ ដែលជាការស៊ុតច្រើនជាងកីឡាករណាទាំងអស់ដោយមិនទាន់រកគ្រាប់បាល់បញ្ចូលទីផ្សេងទៀតក្នុងចំណោមក្របខណ្ឌកំពូលទាំង៥របស់ទ្វីបអឺរ៉ុប។