ភ្នំពេញក្រោន បញ្ជាក់មូលហេតុច្បាស់ពីការផ្លាស់ប្តូរម៉ោងប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង
ជំនួបធំប្រចាំសប្តាហ៍ទី៤ នៃការប្រកួតពានរង្វាន់បាល់ទាត់លីហ្គកំពូលកម្ពុជារវាងក្រុមបាល់ទាត់មិនទាន់ស្គាល់ពាក្យចាញ់ទាំងពីរគឺ ភ្នំពេញក្រោន ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០២០ វេលាម៉ោង ៦ ល្ងាចនាកីឡដ្ឋាន Smart RSN ត្រូវបានប្តូរមកប្រកួតនៅម៉ោង ៣:៣០ នារីរសៀលវិញ ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រាប់មូលហេតុនៃការផ្លាស់ប្តូរនេះថា បញ្ហាដោយសារប្រព័ន្ធភ្លើង និងអំពូលបំភ្លឺទីលាន Smart RSN ដែលបញ្ហានេះបានកើតឡើងតាំងពីការប្រកួតរវាងភ្នំពេញក្រោនជាមួយក្រុម អាស៊ី អឺរ៉ុប កាលពីសប្តាហ៍មុនមកម្ល៉េះ ហើយបញ្ហានេះត្រូវការពេលវេលាជួសជុលបន្តទៅទៀតទើបអាចប្រកួតពេលយប់វិញបាន ។ សម្រាប់ការប្រកួតសយឺតសម្រាប់ការផ្លាស់ប្តូរពេលវេលាប្រកួតនេះដោយសារក្លិបបាល់ទាត់ជើងឯកលីហ្គកំពូលកម្ពុជា៦សម័យរង់ចាំទទួលលិខិតរបស់ CNCC ជាផ្លូវការទើបបានប្រកាស ។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតចំនួន៣ប្រកួតក្នុងលីហ្គកំពូលកម្ពុជាក្រុមទាំងពីរមិនទាន់ស្គាល់បរាជ័យដូចគ្នា ដោយភ្នំពេញក្រោនកំពុងឈរកំពូលតារាងមាន៩ពិន្ទុពេញ ខណៈក្រុមការពារតំណែងជើងឯកស្ថិតនៅលេខ២ មាន៩ពិន្ទុដូចគ្នា ៕ រូបភាព CNCC