Beckham ស៊ីថ្លៃ១៥០លានផោន ធ្វើទូតតំណាងកាតារសម្រាប់ World Cup 2022
អតីតតារាបាល់ទាត់ David Beckham បានព្រមព្រៀងលើការងារជាទូតតំណាងប្រទេសកាតារសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ។
Legend ក្រុម Manchester United ត្រូវបានគេប្រទះឃើញនៅកាតារ ដើមខែតុលា នេះ ដោយបានថតរូបគ្រប់ជ្រុងនៅតាមកីឡដ្ឋានមួយចំនួន ដើម្បីទុកប្រើក្នុងការប្រកួតឆ្នាំក្រោយ។
បើតាមសារព័ត៌មាន the Sun ការតែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសជាផ្លូវការនឹងត្រូវបានប្រកាសនាខែក្រោយ ហើយលោកនឹងរ៉ាប់រងជួយផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ក្នុងប្រទេសកាតារ។
គេដឹងថា ទំនាក់ទំនងរវាង Beckham និងកាតារ មិនមែនជារឿងថ្មីទេ ដោយកើតឡើងតាំងពីពេលលោកលេងនៅ Paris Saint Germain ម្ល៉េះ។ កាលជើងទី២ រដូវកាល ២០១២/២០១៣ នៃក្របខណ្ឌកំពូលបារាំង បុរសវ័យ៤៦ឆ្នាំបានចូលរួមជាមួយ PSG ដោយពុំយកតម្លៃ ហើយលោកក៏មានទំនាក់ទំនងល្អជាមួយប្រធានក្លិបមួយនេះដែលជាមហាសេដ្ឋីជនជាតិកាតារដែរ៕