ខ្សែប្រយុទ្ធ Cristiano Ronaldo ព្រមបង់លុយ១២លានផោនដើម្បីបញ្ចប់រឿងក្ដីក្ដាំពន្ធដារនៅអេស្ប៉ាញ
ទីបំផុតខ្សែប្រយុទ្ធ Cristiano Ronaldo យល់ព្រមទទួលទោសព្យួររយៈពេល២ឆ្នាំ និងបង់ប្រាក់១២.១លានផោន ដើម្បីបញ្ចប់រឿងក្ដីក្ដាំពន្ធដារដែលអាជ្ញាធរអេស្ប៉ាញបានចោទប្រកាន់កាលពីពេលកន្លងមក។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំត្រូវបានចោទថាបានគេចពន្ធ១២.៨លានផោនលើចំណូលសិទ្ធិរូបភាពរបស់គេ។ ទោះយ៉ាងណា ម្ចាស់ពាន Ballon d’Or ៥សម័យ នឹងមិនចាំបាច់មានវត្តមានក្នុងពន្ធនាគារឡើយ ដោយសារច្បាប់អេស្ប៉ាញអនុញ្ញាតឱ្យជនដែលបានប្រព្រឹត្តបទឧក្រិដ្ឋរដ្ឋបាលលើកទី១ដែលមានទោសត្រឹម២ឆ្នាំចុះក្រោម អាចនៅក្រៅឃុំបាន។
បន្ទាប់ពីកាត់ពន្ធរួច ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ CR7 នៅ Real Madrid សល់ប្រមាណ ១៩ លានផោនប៉ុណ្ណោះ ក្រោយពីអតីតសមាជិក Sporting Lisbon និង Manchester Untied ត្រូវបង់ពន្ធលើប្រាក់ចំណូល៤៥% របស់ខ្លួនឲ្យរដ្ឋាភិបាលអេស្ប៉ាញ គិតជាទឹកប្រាក់ប្រមាណ ២០ លានដុល្លារក្នុង១ឆ្នាំ។
គួររលឹកផងដែរថា ក្រុមសេះបង្កង់ Juventus បានធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាសមាជិកថ្មីរបស់ពួកគេជាផ្លូវការកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ នាកីឡដ្ឋាន Allianz ក្រោយពីបានបំពេញការផ្ទេរយកកីឡាករវ័យ៣៣ឆ្នាំពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូ។