អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី បំផ្លាញកីឡដ្ឋានដែលត្រូវរៀបចំការប្រកួតកីឡាអាស៊ីហ្គេម (Asian Games)
បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ Sriwijaya FC និង Arema FC កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ ក្រុមអ្នកគាំទ្រដែលទៅទស្សនាការប្រកួតក្នុងកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang លើកោះស៊ូម៉ាត្រា បានចាប់ផ្តើមខឹងកម្រោល ហើយបង្កចលាចល និងនាំគ្នាបំផ្លិតបំផ្លាញ កៅអីអង្គុយ និងសម្ភារៈក្នុងកីឡដ្ឋាននេះ។ ពួកគេ ថែមទាំងបានបោះកៅអី ចូលទៅក្នុងតារាងទាត់បាល់ទៀតផង។
ប្រធានសន្តិសុខក្នុងកីឡដ្ឋាន បញ្ជាក់ថា មានកៅអីចំនួន ៣៣៥ ត្រូវបានបំផ្លាញឲ្យខូចខាតខ្ទេចទាំងស្រុង ហើយនៅមានកៅអីជាច្រើនទៀត ប្រហែលជាត្រូវតែធ្វើការផ្លាស់ប្តូរជាបន្ទាន់ មុនព្រឹត្តិការណ៍ Asian Games ឈានមកដល់។ ប៉ូលីស បានចាប់ខ្លួន មនុស្ស ៤នាក់ ទាក់ទងនឹងកុប្បកម្មនេះ។ ហើយចំពោះមូលហេតុ ត្រូវបានប៉ូលីសឲ្យដឹងថា ដោយសារអ្នកគាំទ្រក្រុមបាល់ទាត់ Sriwijaya FC មិនសុខចិត្តពេលក្រុមខ្លួនប្រកួតចាញ់ក្រុម Arema FC ក្នុងទឹកដី ដោយលទ្ធផល ៣ទល់នឹង០។ យ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។
គួរជម្រាបជូនថា កីឡដ្ឋាន Gelora Sriwijayaនេះ ជាកីឡដ្ឋានមួយ ក្នុងទីក្រុង Palembang ដែលត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម ពីថ្ងៃទី ១៨សីហា ដល់ថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០១៨ បន្ទាប់ពីកីឡដ្ឋានក្នុងរដ្ឋធានី Jakarta។ ព្រឹត្តិការណ៍ Asian Games ជាកម្មវិធីកីឡាដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ី ដែលមានការចូលរួមពីអត្តពលិកក្នុងតំបន់ប្រមាណ ១១,០០០នាក់ អមដោយប្រតិភូកីឡាប្រមាណ ៥,០០០នាក់។ នេះជាព្រឹត្តិការណ៍កីឡាធំលំដាប់ទី ២ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក៕