
ក្រុមបាល់ទះអង្គុយបុរសកម្ពុជាឈ្នះថៃយកបានមេដាយមាសអាស៊ានប៉ារ៉ាហ្គេម
ក្រុមបាល់ទះអង្គុយបុរសកម្ពុជា ក្រសោបបានមេដាយមាសដោយជោគជ័យពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម តាមរយៈជ័យជម្នះលើក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣សិតទល់១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមកម្ពុជាជាក្រុមទទួលបានចំណាត់ថ្នាក់លេខ១ក្នុង Group 2 ដោយឈ្នះហ្វីលីពីន ៣សិតទល់នឹង០ និងឈ្នះមីយ៉ាន់ម៉ា ៣សិតទល់នឹង១។
ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ កម្ពុជាបានទម្លាក់ឥណ្ឌូនេស៊ី ដោយលទ្ធផល៣សិតទល់នឹង២។ ចំណែកវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ នេះវិញ កម្ពុជា ឈ្នះថៃ៣សិតទល់នឹង១ គឺ២៥-២៣, ២៥-២២, ១៩-២៥ និង ២៥-២២។
ដូច្នេះគិតត្រឹមពេលនេះ កម្ពុជាបានកើនមេដាយសរុប ១៩គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៧ និងសំរឹទ្ធ ៦៕