ស៊យធំ! អ្នកវាយកូនបាល់លេខ១ពិភពលោកអវត្តមានការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2022
ការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2022 បានចាប់ផ្តើមហើយដោយអវត្តមានកីឡាករលេខ១ពិភពលោក Novak Djokovic ដែលចាញ់ក្ដីជាមួយរដ្ឋាភិបាលអូស្ត្រាលី។
កីឡាករវ័យ៣៤ឆ្នាំ បានធ្វើដំណើរចេញពីប្រទេសអូស្ត្រាលី ក្រោយត្រូវបានដកហូតទិដ្ឋកាជាលើកទីពីរ។ អវត្តមាន Novak Djokovic ប្រៀបដូចជាការផ្តល់នូវឱកាសទៅកាន់កីឡាករ Rafael Nadal, Alexander Zverev, ក៏ដូចកីឡាករ Daniil Medvedev ម្ចាស់ពាន US Open និងកីឡាករលំដាប់លេខ៤ សញ្ជាតិក្រិក Stefanos Tsitsipas ដើម្បីប្រជែងពានរង្វាន់ Grand Slam ដើមឆ្នាំ 2022 នេះ។
សម្រាប់ការប្រកួតវាយកូនបាល់ Australian Open ស្ថិតក្រោមការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរទីក្រុង Melbourne ចំពោះបញ្ហាកូវីដ-១៩។ អ្នកទស្សនាត្រូវបានអនុញ្ញាតឱ្យចូលមើលការប្រកួតត្រឹមតែ៥០ភាគរយនៃចំនួនសរុបប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ Australian Open 2022 នឹងដំណើរការចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី៣០ ខែមករា។ ចំពោះជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ២លាន ដុល្លារអាមេរិក៕
អត្ថបទ៖ Monsoon