Moyes ចោទ Salah បន្លំធ្វើដួលដើម្បីបានបាល់១១ម៉ែត្រ
លោក David Moyes អ្នកចាត់ការក្លិប West Ham United យល់ឃើញថា Mohamed Salah បានបន្លំធ្វើជាដួលដើម្បីយកបាល់១១ម៉ែត្រក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា។
ក្រុមញញួរធំបាននាំំមុខមុនមួយគ្រាប់មុនដោយ Pablo Fornals។ ដល់នាទី៤២ Liverpool ទទួលបានបាល់១១ម៉ែត្រ ក្រោយខ្សែការពារ Arthur Masuaku ត្រូវបានពិន័យដោយសារបង្កកំហុសលើ Mohamed Salah ក្នុងប្រអប់អ្នកចាំទី។ ដល់នាទី៨៥ Diogo Jota ក៏រកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមលោក Jurgen Klopp។
ដោយសារតែបាល់១១ម៉ែត្រនេះហើយ លោក David Moyes មិនសប្បាយចិត្តឡើយ ដោយចោទ Salah ថា បន្លំធ្វើជាដួល ហើយមិនមានការឆែក V.A.R ឲ្យបានត្រឹមត្រូវថែមទៀត។
អតីតអ្នកចាត់ការ Everton និង Man UTD ថ្លែងបែបនេះ “៖រឿងបែបនេះខ្ញុំមិនចង់ជួបទេ។ តាមពិតទៅ ខ្ញុំគិតថា កីឡាករយើងឈប់ហើយលើកដៃឡើងលើព្រោះគេខកចិត្តដែល Salah ធ្វើជាដួល។ ខ្ញុំហួសចិត្តមែនទែនដែលគេអត់ប្ដូរការសម្រេចចិត្ត។ ការសម្រេចចិត្តក៏មិនប៉ុន្មានដែរ តែមិនសមឲ្យប៉េណាល់ទីសោះ។ ក្នុងសៀវភៅរបស់ខ្ញុំអត់មានប៉េណាល់ទីទេ។”
ជ័យជម្នះលើ West Ham United មានន័យថា Liverpool ឡើងទៅកាន់កំពូលតារាង Premier League បណ្ដោះអាសន្ន មាន១៦ពិន្ទុពីការប្រកួត៧លើក ឈរលើក្រុមលេខពីរ Everton ៣ពិន្ទុ។ Everton ត្រូវប្រកួតជាមួយ Newcastle United នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា នេះ៕