ក្របខ័ណ្ឌ Premier League នឹងត្រឡប់មកវិញនៅខែមិថុនាខាងមុខនេះ ក្រោមលក្ខខ័ណ្ឌពិសេសមួយ
ការប្រកួតក្របខ័ណ្ឌ Premier League ត្រូវបានគេរាយការណ៍មកថា នឹងត្រឡប់មកវិញនៅខែមិថុនាខាងមុខនេះដើម្បីមកបញ្ចប់រដូវកាល២០១៩/២០របស់ខ្លួន ខណៈអ្នកគាំទ្រត្រូវបានហាមឃាត់មិនឱ្យចូលរួមទស្សនាការប្រកួតឡើយដើម្បីការពារសុវត្ថិភាពពីវីរុសកូវីដ១៩។
ជាដំបូងតាមការគ្រោងទុក PL នឹងត្រូវចាប់ផ្តើមនៅខែឧសភានេះទេ ប៉ុន្តែដោយសារស្ថានការណ៍នៅប្រទេសអង់គ្លេសនៅមិនទាន់មានសភាពនឹងនរ ទើបបានជាប្រធានសមាគមន៍បាល់ទាត់អង់គ្លេសសម្រេចពន្យារការប្រកួតដល់ខែមិថុនាខាងមុខនេះតែម្តង។
ដោយឡែកឥឡូវនេះក្រុមបាល់ទាត់មួយចំនួននៅលីគកំពូលអង់គ្លេសបានចាប់ផ្តើមធ្វើការជួបជុំគ្នាដើម្បីហ្វឹកហាត់ជាបណ្តើរៗហើយ ដោយការសម្រេចថាលីគនៅត្រឡប់មកវិញជាផ្លូវការនៅថ្ងៃណាមួយក្រោមការយល់ព្រមពីសំណាក់រាជរដ្ឋាភិបាល។
គិតមកទល់ពេលនេះ ព្រឹត្តិការណ៍បាល់ទាត់ជុំវិញពិភពលោកត្រូវបានផ្អាកក៏ដូចជាពន្យាការប្រកួតរបស់ខ្លួនទាំងអស់ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ (COVID19)។
យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្របខ័ណ្ឌបាល់ទាត់កំពូលបារាំង Ligue 1 រដូវកាលនេះត្រូវបានប្រកាសរំសាយចោល ដោយ PSG ក្លាយជាក្រុមជើងឯក ក្រោយពេលនាយករដ្ឋមន្រី្តបារាំង Édouard Philippe បានប្រកាសបិទកម្មវិធីកីឡាបាល់ទាត់គ្រប់កម្រិតទូទាំងប្រទេសរហូតដល់ខែកញ្ញាតែម្តង។ រីឯក្របខ័ណ្ឌកំពូលហូឡង់ Eredivisie រដូវកាលនេះបានប្រកាសរំសាយចោល ខណៈមិនមានក្រុមជើងឯក និងមិនមានក្រុមធ្លាក់ឡើយ។