
មុនប៉ះ Reading នៅ FA Cup យប់នេះ គ្រូ Man UTD ដឹកនាំក្រុមទៅហាត់ដល់ឌូបៃ
ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារផ្ទះ Old Trafford របស់ខ្លួនដើម្បីស្វាគមន៍ក្រុមភ្ញៀវ Reading នៃការប្រកួតពានរង្វាន់ FA Cup ជុំទី៣ នាវេលាម៉ោង៧:៣០នាទីយប់។
មុននឹងការប្រកួតចូលមកដល់ គ្រូបង្វឹក Ole Gunnar Solkjaer បានដឹកនាំសមាជិកក្រុមទាំងអស់ធ្វើដំណើរទៅកាន់ទីក្រុងឌូបៃដើម្បីធ្វើការហ្វឹកហាត់ផងដែរ ដែលនេះគឺជាការដឹកនាំការប្រកួតទី៥របស់លោកផងដែរ។
ទាក់ទិនទៅនឹងការធ្វើដំណើរមកហ្វឹកហាត់នៅទឹកដីអារ៉ាប់នេះ បុរសជនជាតិន័រវេសបានបង្ហើបនៅក្នុងសន្និសិទសារព័ត៌មានថា៖ “កាលធ្វើដំណើរមកទីនេះព្រោះខ្ញុំត្រូវតែស្គាល់ឲ្យច្បាស់ពីសមាជិកទាំងអស់ ដោយខ្ញុំនឹងមានពេលច្រើនក្នុងការជជែកជាមួយពួកគេ ប៉ុន្តែយើងមិនសូវមានពេលហ្វឹកហាត់ជាមួយគ្នាច្រើនឡើយ។”
“នេះគឺជាការហ្វឹកហាត់កាយសម្បទាជាមួយពួកគេ ដូច្នេះបើសិនជាសមាជិករូបណាគិតថាវាជាការឈប់សម្រាក នុះគឺពួកគេគិតខុសហើយ ព្រោះពួកគេត្រូវតែធ្វើការជាមួយគ្នាច្រើនមិនមែនតែប្រកួតនេះទេ ប៉ុន្តែសម្រាប់ជំនួបជាមួយ Tottenham Hotspur ផងដែរ។ នេះបើតាមការបន្ថែមរបស់អ្នកចាត់ការ Man UTD បណ្តោះអាសន្ន។”