Carragher ប្រាប់ឱ្យ Liverpool ទិញខ្សែការពារថ្មី
(BC-99)
បន្ទាប់ពី Virgil van Dijk រងរបួសជង្គង់ធ្ងន់ធ្ងរអតីតកីឡាករនិងជាវិរបុរសរបស់ហង្សក្រហម Jamie Carragher បានផ្តល់ជាយោបល់ឱ្យ Liverpool ត្រូវតែរកខ្សែការពារថ្មីនៅអំលុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
ក្នុងអំឡុងពេលប្រកួតតង់ទី ១ ជាមួយក្រុមគូប្រជែង Merseyside Everton-Van Dijk ក៏ត្រូវរងរបួសជង្គង់យ៉ាងដំណំដោយសារតែការប៉ះគ្នាជាមួយអ្នកចាំទី Jordan Pickford ។ អវត្តមានរបស់គេនៅពេលនោះអាចជាហេតុផលមួយដែលធ្វើឱ្យ Liverpool បញ្ចប់ការប្រកួតដោយបន្សល់ទុកលទ្ធផល ២-២ ជាមួយ Everton ។
ក្រោយពីបានស្កែនពិនិត្យរបួសរួចមករបាយការណ៍បានចេញជាលទ្ធផលថាកីឡាករខ្សែការពារជម្រើសជាតិ ហុល្លង់ ម្នាក់នេះត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ពេញមួយរដូវកាលដែលនៅសេសសល់។
ជាការក្រើនរម្លឹកដល់ក្រុមការពារតំណែងជើងឯករដូវកាលចាស់អតីតកីឡាករ Liverpool Carragher បាននិយាយតាមរយៈទូរទស្សន៍ Sky Sports ថា៖“សំណួរដ៏ធំនៅពេលនេះគឺតើ Liverpool អាចឈ្នះពានដោយគ្មាន Van Dijk ឬទេ? ថ្វីត្បិតតែគេគ្រាន់តែចំណែកមួយ តែសមិទ្ធផលរបស់ក្រុមយើងក៏បានមកពីចំណែកដែលគេបានចូលរួមដែរ។ ខ្ញុំគិតថាវានឹងធ្វើឱ្យការប្រជែងដណ្តើមជើងឯកកាន់តែតានតឹងពេលគ្មានរូបគេ។ Liverpool ប្រាកដណាស់ត្រូវតែរួសរាន់រកខ្សែការពារដ៏រឹងមាំណាម្នាក់យកមកជំនួសតំណែងនេះ”។
ក្រុមហង្សក្រហមដែលដឹកនាំដោយលោក Jurgen Klopp នឹងត្រូវចេញដំណើរទៅប្រកួតនាប្រទេសហុល្លង់ជាមួយក្រុម Ajax សម្រាប់ការប្រកួតសន្សំពិន្ទុក្របខណ្ឌ UEFA Champions League នាយប់ថ្ងៃពុធនេះរួចបន្តធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Sheffield United នៅ Premier League នារាត្រីថ្ងៃអាទិ្យចុងសប្តាហ៍នេះដែរ។