
ខោគុនខ្មែរជាច្រើន ត្រូវបានកុម្ម៉ង់យកទៅខេត្តកោះកុង
នេះគឺជារឿងមួយគួរឲ្យស្ងោចសរសើរហើយក៏ជាការគាំទ្រនូវសំភារៈជាតិនិយម ព្រោះថាព្រឹត្តិការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាព-អន្តរជាតិ ដែលនឹងរៀបចំធ្វើឡើងនៅខេត្តកោះកុង ក្រោមការរៀបចំរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ហើយក៏ជាការរំព្ញកគុណឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ផងនោះ បានកុម្ម៉ង់ទិញខោគុនខ្មែររបស់អ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេង ចំនួន៤០ខោសម្រាប់ពាក់ប្រកួតនៅក្នុងថ្ងៃនោះ។
បើយោងតាមសំដីរបស់អ្នកស្រី ឃឹម ចាន់សោភ័ណ្ឌ ដែលត្រូវជាប្រពន្ធ សេន ប៊ុនថេង បានឲ្យដឹងថា ៖ នាងខ្ញុំពិតជាមានអារម្មណ៍រំភើបក្រៃលែង ព្រោះថានេះគឺជាការគាំទ្រ និង លើកស្ទួយសំភារៈក្នុងស្រុក ម្យ៉ាងវិញទៀត ខេត្តកោះកុងគឺជាខេត្តនៅជាប់ជាយដែនថៃ ហើយបែរជាលោកជំទាវ មិថុនា ភូថង មានការចាប់អារម្មណ៍ទៅលើខោគុនខ្មែរដែលជាផលិតផលរបស់នាងខ្ញុំ ហើយក៏ដើម្បីឲ្យអ្នកផ្សេងទៀតបានដឹងថា ខ្មែរយើងក៏អាចផលិតខោគុនខ្មែរដូចប្រទេសក្បែរខាងបានផងដែរ។
គួររំលឹកថា សម្រាប់ព្រឹត្តិការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាព-អន្តរជាតិ ដែលនឹងរៀបចំធ្វើឡើងនៅខេត្តកោះកុង គឺមានវត្តមានអ្នកប្រដាល់គុនខ្មែរជាច្រើនរូបចូលរួមប្រកួត ដែលមានដូជា៖ធឿន ធារ៉ា, វ៉ន វិវ៉ា , សេន ប៊ុនថេន ,យ៉េន ឌីណា , បាង កាយ៉ាក់, ឡុង សំណាង រួមជាមួយគុនខ្មែរជាច្រើនរូបទៀតនឹងទៅបង្ហាញវត្តមានក្នុងព្រឹត្តិការនោះ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ ។