ឌិនណាផូ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅថៃមុនត្រៀមមកប៉ះ ឡៅ ចិត្រា ម្តងទៀត
អ្នកប្រដាល់ថៃកាត់បារាំង ឌិនណាផូ នឹងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ក្នុងកម្មវិធី មួយម៉ាន់ស៍ ស៊ុបពើហ្វៃត៍ នៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះនាសង្វៀនលំដាប់របស់ប្រទេសថៃ លុមភីនី មុននឹងរូបគេគិតគូរឿងមកប៉ះអ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឡៅ ចិត្រា ជាថ្មីម្តងទៀត ។
ក្រោយស្មើពិន្ទុជាមួយ ឡៅ ចិត្រា កាលពីថ្ងៃទី ១៧ ខែ សីហា អ្នកប្រដាល់ដើមកំណើតខេត្តសុរិន្ទ មានបំណងចង់មកប្រកួតនៅស្រុកខ្មែរជាថ្មីដែរ ប៉ុន្តែដោយសាររវល់ការប្រកួតច្រើន ជាពិសេសរូបគេទើបចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី ដោយចាញ់ពិន្ទុម្ចាស់ផ្ទះ ខណៈប្រកួតបន្ទាប់គឺថ្ងៃទី ២៧ នេះត្រូវដណ្តើមខ្សែក្រវាត់ទៀតទើបមិនទាន់មកប៉ះជើងខ្លាំងស្រុកបាន ហើយពេលចប់ខ្សែក្រវាត់នេះអ្នកដឹកនាំកីឡាករថៃគ្រោងនឹងរៀបចំអោយ ឌិនណាផូ ប៉ះ ជាមួយ ឡៅ ចិត្រា ជាថ្មីម្តងទៀតផងដែរ ។
ឌិនណាផូ ជាអ្នកប្រដាល់ថៃមួយរូបធ្លាប់ឈ្នះជើងខ្លាំងស្រុកខ្មែរច្រើននាក់រួចមកហើយដូចជា ឃុន ឌីម៉ា ឡុង សំណាង និង មឿន សុខហ៊ុច ជាដើម ។ ចំណែក ឡៅ ចិត្រា វិញក្រោយបញ្ចប់ការប្រកួតនៅស៊ីហ្គេម ទទួលបានមេដាយសំរិទ្ធ រូបគេក៏ត្រៀមវិលចូលសង្វៀនក្នុងស្រុកវិញឆាប់ៗ ខាងមុខនេះផងដែរ ខណៈរូបគេធ្លាប់បព្ជាក់ថាស្វាគមន៍ជានិច្ចបើសិន ឌិនណាផូ ចង់ប៉ះម្តងទៀត ។