
ចាន់ សំអាត ៖ របួសជង្គង់មិនប៉ះពាល់ដល់អាជីពទេ តែស្ដាយអត់បានលេងខ្សែក្រវាត់
បញ្ហារបួសជង្គង់របស់ចាន់ សំអាត ដែលកើតឡើងយូរមកហើយបានរើឡើងវិញ ធ្វើឲ្យគេត្រូវដកខ្លួនពីការប្រកួតនានា និងសម្រាកព្យាបាលមួយរយៈ តែមិនទាន់ច្បាស់ពីការវិលចូលសង្វៀនជាថ្មីទេ។ គេថា ពិតជាស្ដាយដែលត្រូវបង្ខំចិត្តដកខ្លួនពីខ្សែក្រវាត់នៅ CNC។
អ្នកប្រដាល់រហស្សនាមខ្លាចាស់ភ្នំដងរែកបញ្ជាក់បែបនេះ “៖ជង្គង់ខ្ញុំមានបញ្ហាប្រហែល៣ទៅ៤ខែមុន តែដល់ពេលប្រកួត ខ្ញុំអត់បានប្រុងប្រយ័ត្ន ក៏ភ្លាត់ត្រូវថែមទៀត។ ឥឡូវបានធូរហើយ។”
កីឡាករធ្លាប់ចេញទៅប្រកួតក្នុងស្ថាប័ន ONE Championship ទទូចថា បញ្ហាជង្គង់នេះមិនប៉ះពាល់ដល់អាជីពគុនខ្មែរទេ។
សំអាត លម្អិតបន្ថែម “៖ ខ្ញុំសម្រាកមួយរយៈពេលសិន តែមិនទាន់កំណត់ពេលណាទេ។ ស្ដាយដែរ ធ្វើម៉េចបើវាអ៊ីចឹងទៅហើយ។ វាអត់ប៉ះពាល់ដល់អាជីពទេ។ តាមពិតទៅ ប្រសិនបើខ្ញុំបន្តប្រកួត អាចបាន តែអាចប៉ះពាល់ខ្លាំង ទៅជាដំបៅអ៊ីចឹងទៅ អ៊ីចឹងត្រូវសម្រាកសិន។”
គួរដឹងដែរថា ចាន់ សំអាត មានឈ្មោះជម្រុះដណ្ដើមខ្សែក្រវាត់នៅ CNC។ ផ្ទុយទៅវិញ ដោយសារតែបញ្ហាជង្គង់ គេត្រូវបង្ខំចិត្តដកខ្លួនវិញ និងជំនួសដោយបេក្ខជនផ្សេងទៀត៕