កូនខ្មែរ អេរិក ប៉ែន ប៉ះកីឡាករកូរ៉េ ត្រៀមការពារខ្សែក្រវាត់ WBA
នាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះកូនខ្មែរសញ្ជាតិអាមេរិក អេរិក ប៉ែន នឹងធ្វើការប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង Hoo Won Lee នាទីក្រុង បាងកក ប្រទេសថៃ ដើម្បីត្រៀមការពារខ្សែក្រវាត់ WBA របស់ខ្លួននាខែមករា ឆ្នាំ ២០២០ នាពេលខាងមុខ ។
Hoo Won Lee ជាម្ចាស់ខ្សែក្រវាត់សកលរបស់កូរ៉េដែលមានបទពិសោធឈ្នះ ៤ និងចាញ់៦ ដង ខណៈកីឡាករកូនខ្មែរដើមកំណើតខេត្តកំពត ប្រកួតផ្លូវការចំនួន ៤ដង ឈ្នះទាំង ៤ ដង កំពុងកាន់កាប់ខ្សែក្រវាត់ WBA ASIA ហើយការប្រកួតនេះរូបគេប្រកួតតំណាងអោយ ប្រទេសកម្ពុជាផងដែរ ។
អេរិក បានចាប់ផ្តើមហ្វឹកហាត់នៅក្លិប Saigon Sports Club នៅឆ្នាំ២០១៤ ហើយចាប់ផ្តើមប្រឡូកក្នុងអាជីពប្រដាល់នៅខែសីហា ឆ្នាំ២០១៨ ដោយមានប្រវត្តិឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួន មុនដណ្តើមបានជើងឯក WBA ASIA South Heavyweight លើកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ និងចុងក្រោយកាលពីថ្ងៃទី ៣ សីហា បានផ្តួលកីឡាករឥណ្ឌូនេស៊ី David Koswara ត្រឹមទឹកទី ១ នាប្រទេស ហ្វីលីពីន ។
អេរិក ប៉ែន ទើបតែបានមកដល់ទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះដើម្បីជួយដល់វិស័យប្រដាល់សកលកម្ពុជានិងចុះឈ្មោះ ជាកីឡាកររបស់សហព័ន្ធកម្ពុជាផ្លូវការណ៍ដើម្បីប្រកួតតំណាងកម្ពុជាលើឆាកអន្តរជាតិផងដែរ ៕