មាស ចាន់មាន និង ឆៃ សារ៉ា រងរបួសជើងធ្ងន់ដូចគ្នា
អ្នកប្រដាល់គុនខ្មែរពីររូបក្នុងនោះមាន មាស ចាន់មាន និង ឆៃ សារ៉ា បានរងរបួសជើងធ្ងន់ធ្ងរដូចគ្នា ក្រោយជួបគ្រោះថ្នាក់ចររាចរណ៍កាលពីយប់ចុងសប្តាហ៍នេះ ។ អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិទាំងពីរបានជិះម៉ូតូប៉ះជាមួយរម៉កម៉ូតូ ( ម៉ូតូកង់បី) ដែលជិះបញ្ចាស់ផ្លូវនៅផ្តុំផ្សារតូចបណ្តាលអោយកីឡាករ មាស ចាន់មាន របួសបាក់ភ្លៅ ខណៈ ឆៃ សារ៉ា របួសជើងធ្ងន់ធ្ងរដោយត្រូវដេរប្រហែលជាង៣០ថ្នេរឯណ្ណោះ ។
តាមការបញ្ជាក់របស់ ឆៃ សារ៉ា ថារូបគេត្រូវទៅយកប្អូនដែលធ្វើការជាសន្តិសុខពេលរាត្រី ប៉ុន្តែយប់ជ្រៅពេកក៏មិនហ៊ានទៅក៏ហៅ មាស ចាន់មាន ដែលជាមិត្តរួមក្លិបនិងស្នាក់នៅជិតទៅជាមួយ ប៉ុន្តែមិនទាន់ទៅដល់គោលដៅផងក៏ជួបរឿងដូចនេះតែម្តង ។ ឆៃ សារ៉ា មិនទាន់ច្បាស់ថាអាចប្រកួតដណ្តើមលេខ៣ក្នុងពានរង្វាន់ ISI Palm បានរឺអត់នោះទេ ព្រោះរបួសធ្ងន់ហើយត្រូវប្រកួតនៅថ្ងៃទី ៩ កញ្ញា ខាងមុខ ។ ដោយសារពួកគេពឹងផ្អែកលើការឡើងសង្វៀនដើម្បីចិញ្ចឹមជីវិតដូចនេះពិតជាជួបទុក្ខខ្លាំង សម្រាប់ថវិកាព្យាបាល និង ការផ្តត់ផ្គង់គ្រួសារប្រចំាថ្ងៃផងដែរ ។ បងប្អួនដែលចង់ជួយដល់ពួកគេអាចទាក់ទងមកកាន់ MSR រឺ ទាក់ទងទៅពួកគេផ្ទាល់តែម្តងក៏បាន ៕ * មាស ចាន់មាន 098 777 093
អត្ថបទ៖ ជោគជ័យ