Manchester United បានបញ្ចេញប្រតិកម្មឆ្លើយតបទៅនឹង Jose Mourinho បន្ទាប់ពីរងបរាជ័យ 3-0 ដោយ Spurs
(អត្ថបទដោយ៖ កំប្រុកព្រៃ)
ព័ត៌មានដូចព្យុះបានចុះផ្សាយទាក់ទងទៅនឹងអនាគតបស់លោក Jose Mourinho ថានិងត្រូវចាកចេញពីតួនាទីរបស់ខ្លួនពីទឹកដី Old Trafford។ ៣សប្តាហ៍ដំបូងនៅ Premier League រដូវកាលថ្មីនេះ ក្រុមបិសាចក្រហម Manchester United ដែលដឹកនាំដោយលោក Jose Mourinho បានទទួលជ័យជម្នះទាំងប្រផិតប្រផើយលើ Leicester City នៅពេលបើកឆាកតែម្តងគត់ រួចក៏ចាញ់២សប្តាហ៍ស្ទួនដោយ Brighton Hove and Albion និងចុងក្រោយដោយមាន់ខ្នាយមាស Tottenham Hotspurs តែម្តង។
ការចាញ់ Spurs ៣-០ នេះហើយដែលធ្វើអោយមានព័ត៌មានកាន់តែរសើបថែមទៀតថា Mourinho និងក្លាយជាអ្នកចាត់ការដំបូងគេដែលនិងត្រូវបណ្តេញចេញពីដំណែងមុនគេនៅ Premier League រដូវកាលថ្មីនេះ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យរបស់ក្រុម Manchester United បានចេញសេចក្តីថ្លែងការណ៍ក៏ដូចជាប្រតិកម្មរបស់ខ្លួនថា ក្រុមបិសាចក្រហមនៅតែជឿទុកចិត្តលើការដឹកនាំរបស់លោក Jose Mourinho។ គណកម្មការក្រុមបាល់ទាត់មួយនេះមិនដែលមានបំណងបណ្តេញឬរកអ្នកជំនួសលោក Mourinho ដូចសារព័ត៌មានមួយចំនួនធ្វើការចុះផ្សាយឡើយ។
គួរបញ្ជាក់ថាតែងតែមានរឿងផ្សារភ្ជាប់អំពីអនាគតលោក Jose Mourinho ជារឿយៗទៅនឹងអតីតអ្នកដឹកនាំក្រុមអធិរាជស Real Madrid និងជាអតីតកីឡាករបារាំងឈ្នះពាន World Cup ១៩៩៨ Zinedine Zidane ថាជាបេក្ខភាពដែលអាចនិងចូលមកជំនួសកន្លែងរបស់បុរស ដែលមានរហ័សនាមថា The Special One ខាងលើ។