
ផល សោភ័ណ្ឌ ៖ប៉ះថៃមួយណាក៏ពិបាកម៉ារ៉ាតុនសប្តាហ៍នេះ

ផល សោភ័ណ្ឌ
អ្នកប្រដាល់គុនខ្មែរនៃក្លិបប្រដាល់តាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ ចាត់ទុកថាការប្រកួតលក្ខណៈម៉ារ៉ា តុនដណ្តើមប្រាក់លានគោជល់លើកទី៣របស់ខ្លួននៅថ្ងៃសៅរ៍ ទី ០១ ខែ កញ្ញា នេះអាចនឹងត្រូវធ្វើ ការធ្ងន់ ព្រោះបេក្ខភាពខាងថៃសុទ្ធតែជើងខ្លាំង ខណៈរូបគេទើបប្រកួតកាលពីសប្តាហ៍មុន ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បញ្ជាក់ថាការប្រកួតជុំទីមួយដែលត្រូវប៉ះកីឡាករថៃ កូឡាបដាំ មិន មែនជារឿងងាយស្រួលនោះទេ ពីព្រោះកីឡាករថៃម្នាក់នេះធ្លាប់ឈ្នះកីឡាករគុនខ្មែរច្រើនរួចមកហើយ នឹងមានក្បាច់គ្រប់គ្រឿង ខណៈរូបគេកំពុងមានបញ្ហាខ្លះៗព្រោះទើបប្រកួតហើយកាលពីសប្តាហ៍មុន នៅស្ថានីយ៍ទូរទ្សន៍បាយ័នដោយផ្តួលកីឡាករថៃអោយសន្លប់ ។

ផល សោភ័ណ្ឌ និង ហ្វុនលួង
អ្នកលេងកែងពិឃាឌ បន្ថែមថាមិនគិតចង់ប៉ះកីឡាករូបណាក្នុងវគ្គផ្តាច់ព្រ័ត្រនោះទេ សំខាន់ប្រឹងប្រែងអោយបានជោគជ័យនៅជុំដំបូងជាមុនសិន ជួបកីឡាករណាក៏ប្រឹងអោយអស់ពីសមត្ថភាពដែរ ។ ការប្រកួតម៉ារ៉ាតុងគោជល់សម្រាប់ជុំទីមួយដែលមាន៣ទឹក ផល សោភ័ណ្ឌ ត្រូវប៉ះអ្នកប្រដាល់ថៃ កូឡាបដាំ ខណៈមួយគូទៀត ឌុម កែវដា ជួបជើងខ្លាំងមិនដែលចាញ់នៅស្រុកខ្មែរ ហ្វុនលួង ប៉េឡេបុរីរ៉ាំ ចាប់ពីម៉ោង ៦ នាទីល្ងាចតទៅនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ យ៉ាងណាតាមការសន្និដ្ឋានរបស់អ្នកគាំទ្រភាគច្រើនថា ផល សោភ័ណ្ឌ អាចជួបដៃគូចាស់របស់គេ ហ្វុនលួង ប៉េឡេបុរីរ៉ាំ ដែលធ្លាប់ឈ្នះពិន្ទុគេក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុននេះ ៕ អត្ថបទ៖ ជោគជ័យ