
គង់ សំបូរ ចូលប្រកួតខ្សែក្រវាត់ពិភពលោកនៅថោនជំនួសចាន់ ប៊ុនហឿន ដែលជាប់ពិន័យ
គង់ សំបូរ ត្រូវបានជ្រើសរើសចូលជំនួសចាន់ ប៊ុនហឿន សម្រាប់បេក្ខភាពដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកនៅសង្វៀនថោនដែលគ្រោងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២៣ ខែមេសា តទៅ។
ការផ្លាស់ប្ដូរនេះត្រូវបានភាគីថោនបញ្ជាក់ថា ដោយសារតែរូបគេកំពុងជាប់ពិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរដែលផ្អាកការចាប់គូដល់រូបគេរយៈពេល ២ខែ។
គួរដឹងដែរថា គង់ សំបូរ នឹងរ៉ាប់រងក្នុងពូល A ជំនួសចាន់ ប៊ុនហឿន ដែលក្នុងនោះគេត្រូវប៉ះសោម វិឆ័យ, អេលីត សុខហ៊ុច, ខុន បូឡា, ផល សោភ័ណ្ឌ និង កន ចន្ថា។ ពូល B មាន ម៉ន ព្រហ្មម៉ាញ, សោម ពិសិដ្ឋ, រិន សារ័ត្ន, សួន ចាន់នី, ឡុង បេនលឿន និង ធន់ ចាន់តាក់។
មុនឈានដល់ការប្រកួតចែកពូលដ៏សំខាន់នេះ កីឡាករទាំង១២រូបបានឆ្លងផុតវគ្គជម្រុះក្នុងចំណោមបេក្ខជន២៤រូបកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅ។
ការប្រកួតវគ្គចែកពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងក្នុងចំណោម១១ខេត្តក្រុងផ្សេងៗគ្នា គឺ កំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ៕