ម្ចាស់មេដាយមាសគុនខ្មែរថ្នាក់ជាតិនឹងបានប្រាក់រង្វាន់១០០០ដុល្លារអាមេរិក
ម្ចាស់មេដាយមាសគុនខ្មែរថ្នាក់ជាតិឆ្នាំ២០២៤នេះនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១០០០ដុល្លារអាមេរិក។ នេះបើតាមស្មារតីអង្គប្រជុំនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាពេលថ្មីៗនេះ។
ការប្រកួតកីឡាគុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ក្នុងដីឡូដ៍ជិតច្រមុះជ្រូករូបសំណាកព្រះគោព្រះកែវ) ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៩ មករាដល់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ទទួលបានការចុះឈ្មោះចូលរួមសម្រាប់វិញ្ញាសាប្រយុទ្ធបុរស មានកីឡាករសរុប ១០១នាក់ សម្រាប់ផ្នែកប្រយុទ្ធនារី មានកីឡាការិនីចូលរួម ២៥នាក់។
លោក ខូវ ឆាយ បន្តថា ផ្នែកគុនគ្រូបុរស-នារី មានចំនួន កីឡាករ កីឡាការិនី ៨នាក់ ខណៈមន្រ្តីបច្ចេកទេសរៀបចំការប្រកួតមានរហូតដល់ជាង ៨០នាក់ក៏ត្រូវបានលើកទឹកចិត្តនូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះផងដែរ។
សម្រាប់ការចំណាយវិញ គឺអស់ជាង ៧ម៉ឺនដុល្លារ ហើយក្នុងនោះការចំណាយលើប្រាក់រង្វាន់ជ័យលាភីទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធលើគ្រប់វិញ្ញាសាទាំងអស់ ត្រូវចំណយរហូតដល់ជាង ៤ម៉ឺនដុល្លារ ខណៈមេដាយមាសចំនួន១៨គ្រឿង ស្មើនឹង១៨វិញ្ញាសាត្រូវលើកទឹកចិត្តបន្ថែមច្រើនជាងរាល់ឆ្នាំ ដោយក្នុងមេដាយមាស១គ្រឿង ដំឡើងដល់ ១ ០០០ ដុល្លារ។
ចំពោះការទទួលហូបចុកស្នាក់នៅរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកតាមសមាគមរាជធានី-ខេត្តទាំងអស់ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ដោយសហព័ន្ធផ្ទាល់រយៈពេល៥ថ្ងៃពេញតែម្តង៕