សួន ចាន់នី ប្រាប់វត្ថុបាត់បង់ដោយសារចោរលួចគាស់ផ្ទះយប់មិញ
កុំព្យូទ័រ, នាឡិកា និងវត្ថុមានតម្លៃមួយចំនួនទៀតរបស់អ្នកប្រដាល់គុនខ្មែរ សួន ចាន់នី ត្រូវបានចោរលួចគាស់ផ្ទះយកអស់អំឡុងម៉ោង១០យប់ថ្ងៃសុក្រ ទី០៤ ខែកញ្ញា នៅផ្ទះជួលម្ដុំឫស្សីកែវ។
ចាន់នី ប្រាប់ថា អំឡុងកើតហេតុ គេមិនបាននៅផ្ទះទេ ដោយទៅលេងនៅផ្ទះប្អូនប្រុសបង្កើត គឺកីឡាករ សូត្រ ខេវិន ហើយត្រូវបានមិត្តភក្ដិទូរសព្ទប្រាប់។ ក្រោយកើតហេតុ គេបានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានដែរ។
អ្នកប្រដាល់ល្អកែងថ្លែងបែបនេះ “៖ចូលលួចយប់មិញបង បាត់កុំព្យូទ័រមួយតម្លៃ១០០ដុល្លារជាង, នាឡិកាទិញបានកន្លះខែ៦០ដុល្លារ ហើយកាតប្រដាល់ និងកាបូបទៀត ចូលទៅអស់។ គាស់យប់មិញម៉ោង១០។ ខ្ញុំនៅផ្ទះប្អូន (សូត្រ ខេវិន) ហើយមិត្តភក្ដិតេប្រាប់។ បាត់អស់ហើយ ខំវ៉ៃសន្សំលុយទម្រាំទិញបាន។”
សិស្សគុនក្លិបបក្សីស្លាបដែកខាងលើប្រាប់ថា កាលពីមុនក៏ធ្លាប់បាត់ម៉ូតូមួយគ្រឿងដែរនៅម្ដុំផ្ទះដដែល។
គួរដឹងដែរថា សួន ចាន់នី ស្ថិតក្នុងចំណោមអ្នកប្រដាល់គុនខ្មែរជួរមុខប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ ហើយគេអាចរកបានតម្លៃខ្លួនពីចន្លោះ៣៥០ដុល្លារទៅ៥០០ដុល្លារក្នុងមួយប្រកួត។ បច្ចុប្បន្នគេក៏ជាមន្ត្រីនគរបាលមួយរូបនៃអង្គភាពកីឡានគរបាលជាតិទៀតផង៕