គ្រូថ្មី Barca ដក Suarez និង Vidal ទៅហាត់ដាច់ដោយឡែក
អ្នកចាត់ការថ្មី FC Barcelona លោក Ronald Koeman បានចេញកម្មវិធីថ្មីចំពោះកីឡាករពីរនាក់ដែលមិនមែនជាផ្នែកនៃផែនការខ្លួនសម្រាប់រដូវកាល ២០២០/២១ ។
ESPN បានរាយការណ៍ថាលោក Koeman មិនអនុញ្ញាតឲ្យ Luis Suarez និង Arturo Vidal ហ្វឹកហាត់ជាមួយក្រុមធំ Barcelona ឡើយ។ ពួកគេទាំងពីរត្រូវទៅហាត់ដោយឡែកនៅកន្លែងផ្សេងជាមួយគ្រូផ្ទាល់ខ្លួន។
សារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា Suarez បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយ Juventus។ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះនឹងទទួលបានប្រាក់ឈ្នួល៩លានអឺរ៉ូក្នុងមួយឆ្នាំជាមួយម្ចាស់ជើងឯក Serie A។ ទន្ទឹមនឹងនេះដែរ Vidal កំពុងត្រៀមទៅចូលរួម Inter Milan ។
នៅលើទំព័រផ្ទាល់ខ្លួន Suarez បានសរសេរថា “វិជ្ជាជីវៈ” ។ អតីតខ្សែប្រយុទ្ធ Liverpool ចង់បញ្ជាក់ថាគេនឹងធ្វើការយ៉ាងខ្លាំងរហូតដល់មានព័ត៌មានជាផ្លូវការអំពីការចាកចេញរពីទឹកដី Camp Nou ។
Suarez រកបាន ១៩៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៣ លើក។ គេជាខ្សែប្រយុទ្ធឆ្នើមទី ៣ ក្នុងប្រវត្តិសាស្ត្រ Barcelona។ ទោះយ៉ាងណា អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហមរូបនេះត្រូវបានដកចេញពីផែនការអ្នកចាត់ការ Ronald Koeman តាមរយៈការហៅទូរស័ព្ទមិនដល់មួយនាទីផង។
ក្នុងរយៈពេល ៦ ឆ្នាំ Suarez បានក្រសោបបានជោគជ័យច្រើនរួមមានពានរង្វាន់ La Liga ៤ដង, UEFA Champions League មួយលើក និងពានរង្វាន់ជាច្រើនទៀត។ ថ្នាក់ដឹកនាំ Barcelona មានបំណងផ្ទេរ Lautaro Martinez ពី Inter Milan ដើម្បីជំនួស Suarez។
ចំណែក Vidal ចង់ទៅជុំជាមួយលោក Antonio Conte នៅ Inter វិញ។ Barca មានគម្រោងទិញ Georginio Wijnaldum ពី Liverpool ។ សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ Barca ត្រូវបង់លុយឲ្យ Liverpool ១៨ លានផោនសម្រាប់តម្លៃផ្ទេរកីឡាករហុល្លង់រូបនេះ៕