ពីរប្រកួត ពុទ្ធ ឆាយរិទ្ធី របូតលុយ៤លានក្រោមថ្វីដៃសិស្សទ័ពពិសេស ក្នុងកម្មវីធីគោជល់
អ្នកប្រដាល់ពាន់ស្នៀត ពុទ្ធ ឆាយរិទ្ធី បានរបូតលុយលានក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ជាលើកទី២ ក្រោមថ្វីដៃកីឡាកររបស់ក្លិប បញ្ជាការដ្ឋានទ័ពពិសេសទាំងពីរលើក ។ ឱកាសប្រកួតដណ្តើមលុយ២លានលើកដំបូង ពុទ្ធ ឆាយរិទ្ធី បានចាញ់ពិន្ទុកីឡាករ វង្ស វិឆ័យ ខណៈឱកាសលើកទី២ កាលពីថ្ងៃ សៅរ៍ អ្នកប្រដាល់នៃក្លិប ពុទ្ធសេរីវង្សពោធិ៍សែនជ័យ បានចាញ់ជាលើកទី២ ក្រោមថ្វីដៃកីឡាករ គឹម វាសនា ដែលជាមិត្តរួមក្លិប ជាមួយ វង្ស វិឆ័យ ដែរ ។ ការប្រកួតជាមួយ គឹម វាសនា ចំណាយពេញ៥ទឹកយ៉ាងស្វឹតស្វាញជាលទ្ធផល វាសនា ឈ្នះដោយពិន្ទុ ៤ ទល់ ១ លើ ឆាយរិទ្ធី ។ ការចាញ់២ប្រកួតនេះធ្វើអោយអ្នកលេងពាន់ស្នៀត របូតលុយសរុប ៤លានរៀល ក្នុងការប្រកួតកម្មវធីអ្នកតស៊ូគុនខ្មែរគោជល់ នាសង្វៀន CNC ឬស្សីកែវ ៕