កីឡាករមួយរូបត្រៀមបញ្ចប់សុបិន្តអាក្រក់នៅ Man UTD ក្រោយមាន១៣ក្លឹបទាក់ទងចង់បាននៅខែមករាខាងមុខ
យោងតាមសារ័ពត៌មាន Daily Mail Sport នៅចក្រភព្រអង់គ្លេសបានចុះផ្សាយមកថា ខ្សែការពារ Phil Jones ត្រៀមបញ្ចប់សុបិន្តអាក្រក់របស់ខ្លួនជាមួយ Manchester United ក្រោយពីមានក្លឹបចំនួន១៣ទាក់ចង់បានរូបខ្លួននៅខែមករាខាងមុខនេះ។
កីឡាករសញ្ជាតិអង់គ្លេសអស់ឱកាសក្នុងការបង្ហាញខ្លួននៅក្នុងសមាសភាព១១នាក់ដំបូងឱ្យក្រុមបិសាចក្រហមជាយូរណាស់មកហើយ ក្រោយពីមានបញ្ហារបួសជាញឹកញាប់ បូករួមជាមួយនឹងការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងថែមទៀតផង។
បញ្ហារបួសជង្គង់រាំរៃបានធ្វើឱ្យអតីតសមាជិក Blackburn Rovers មិនបានចូលលេងនៅក្នុងក្រុមឈុតធំរបស់គ្រូបង្វឹក Ole Gunnar Solskjaer តាំងពីរដូវកាលមុន ខណៈបច្ចុប្បន្ននេះរូបគេបានត្រឹមតែលេងជាមួយឈុតយុវជនតែប៉ុណ្ណោះ។
យ៉ាងណាក្តី បុរសវ័យ២៩ឆ្នាំអាចនឹងមានឱកាសដើម្បីបញ្ចេញសមត្ថភាពប្រកួតប្រជែងឈុតធំសារជាថ្មីម្តងទៀត ក្រោយពេលមានក្លឹបចំនួន១៣បានធ្វើការទាក់ទងគេដើម្បីឱ្យចាកចេញពីទឹកដី Old Trafford នៅខែមករាខាងមុខនេះដែលមានដូចជា Newcastle United, Watford និង Derby County ជាដើម។
គួរឱ្យដឹងថា Phil Jones បានផ្លាស់ពីក្រុមកុលាបក្រហម Blackburn Rovers មកកាន់ Manchester United កាលពីឆ្នាំ២០១១ក្នុងតម្លៃខ្លួន១៦លានផោននៃរជ្ជកាលដឹកនាំរបស់ Sir Alex Ferguson។