ខាំ ខ្លានាង បានបញ្ចេញទស្សនមួយចំនួន ក្រោយប្រកួតឈ្នះពិន្ទុលើ សុខ រិទ្ធ
កាលពី២សប្តាហ៍មុន ពុកម៉ែ បងប្អូន ប្រហែលជានៅចាំព្រឹត្តិការណ៍ដ៍ជក់ចិត្តនាសង្វៀនឯកភ្នំ ក្នុងទឹកដីខេត្តបាត់ដំបង រវាងការប្រកួត ខាំខ្លានាង និង សុខ រិទ្ធ ព្រោះការប្រកួតរបស់គុនខ្មែរទាំង២រូបនេះធ្វើឲ្យមហាជនដែលនិយមគាំទ្រទស្សនាការប្រកួតគុនខ្មែរសរសើរមិនដាច់ពីមាត់ចំពោះយុទ្ធគុនខ្មែររបស់អ្នកទាំង២។ ខ្លានាង គឺជាកីឡាករគុនខ្មែរដែលប្រកួតលើប្រភេទទំងន់រុយ ពោលគឺចន្លោះពី៥១ទៅ៥៤គីឡូក្រាម ភាគច្រើនការប្រកួតរបស់កីឡាករនៅក្លឹបរ៉ាហាប់ស្វាយប៉ាក់រូបនេះ កម្របានចប់ចុងចប់ដើមពេញ៥ទឹកណាស់ ដោយដៃគូភាគច្រើនសន្លប់ក្រោយផ្លៃកែង កណ្តាប់ដៃ ទាត់ និង ជង្គង់ជាដើម ម្លោះហើយទើបកេរ្តិ៍ឈ្មោះរបស់ ខ្លានាង កំពុងត្រូវបានអ្នកនិយមគាំទ្រគុខខ្មែរស្គាល់ទាំងក្នុងនិងក្រៅប្រទេស តែអ្វីដែលគូឲ្យស្តាយនោះគឺ ការប្រកួតអន្តរជាតិធំៗនៅក្រៅប្រទេស គេកម្រយកគីឡូស្រាលទៅប្រកួតណាស់ ដោយពេញចិត្តដែលគីឡូធំៗជាងនេះ។
បន្ទាប់ពី ខាំ ខ្លានាង ប្រកួតឈ្នះពិន្ទុជាមួយ សុខ រិទ្ធ ក្រុមការងារ MSR SPORT បានសាកសួរ ខ្លានាង អំពីទម្រង់ប្រកួតរបស់ សុខ រិទ្ធ ដោយកូនសិស្សរបស់លោកគ្រូ ប៊ឺត សំខាន់ បានប្រាប់ថា៖ ទម្រង់ប្រកួត សុខ រិទ្ធ គឺមានភាពស្រដៀងទៅនិង ហ៊ឹម សេរី និង សែន រ៉ាដេត ពោលគឺចេញអាវុធមកធ្ងន់ៗដូចគ្នា តែចំណុចពិសេសដែល សុខ រិទ្ធ នៅមានគឺ ចិត្ត! មានន័យថា សុខ រិទ្ធ ស្ទើរចិត្តបន្តិច។ ខាំ ខ្លានាង ក៏បានបន្ថែមទៀតថា កីឡាករមានក្បាច់ល្អហើយ តែបើបូកបន្ថែមចិត្តស៊ូបន្ថែមទៀតដោយមិនខ្លាចដៃគូប្រកួត ទើបអាចប្រកួតឈ្នះដៃគូនៅលើសង្វៀនបាន។
គួររំលឹកថា ខាំ ខ្លានាង ក៏ធ្លាប់តូចចិត្តបន្តិចបន្តួចចំពោះអ្នកឧបត្ថម្ភកម្មវិធីប្រកួតគុនខ្មែរផងដែរ ដោយម្ចាស់កម្មវិធីទាំងនោះ អោយតម្លៃការប្រកួតដណ្តើមពានរង្វាន់ រឺក៏ដណ្តើមខ្សែក្រវ៉ាត់ទៅប្រភេទទំងន់ធំៗ ចាប់ពី៦០ដល់៦៧ ហើយច្រើនតែរំលង់គី៥៤៕