តាញ់ មករា ថា បាង កាយ៉ាក់ គ្មានក្បាច់អ្វីច្បាស់ឡើយ
អ្នកប្រដាល់វ័យក្មេង តាញ់ មករា បានបង្ហាញពីការត្រៀមខ្លួនសម្រាប់ប្រកួតជាមួយរៀមច្បង បាង កាយ៉ាក់ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមម៉ូតូមួយគ្រឿងរួមទាំងឱកាសសម្រាប់ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរដែលមានប្រាក់រង្វាន់រហូតទៅដល់ ៦០០០ ដុល្លារសហរដ្ឋអាមេរិក ។
កូនសិស្សរបស់លោក ធន់ សុភា បានប្រាប់ក្រុមការងារ MSR SPORT ថា បាង កាយ៉ាក់ មិនមានក្បាច់អ្វីដែលច្បាស់លាស់នោះទេ ប៉ុន្តែមិនមែនមានន័យថាគេមិនខ្លាំងនោះទេ គេជាកីឡាករដែលមានកម្លាំងបុកល្អនឹងចូលវ៉ៃមិនសូវដកថយឡើយ ដូចនេះជាការលំបាកដែរសម្រាប់ការប្រកួតជាមួយគាត់ ។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ តាញ់ មករា បានយកឈ្នះកីឡាករថៃ វិថៈយ៉ាយុទ្ធ ចំណែក បាង កាយ៉ាក់ បានយកឈ្នះពិន្ទុកីឡាករថៃ ភិតក្រៀងក្រៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ។ ការប្រកួតផ្តាច់ព្រ័ត្ររវាងអ្នកទាំងពីរ នេះនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ កុម្ភៈ ២០២០ ខាងមុខនេះចាប់ពីម៉ោង ៨ ព្រឹកនាសង្វៀន CBS ឬស្សីកែវ ។
ម្ចាស់ជើងឯកក្នុងក្រុមទី១នេះនឹងទទួលបានម៉ូតូមួយគ្រឿងនិងទឹកប្រាក់៥០០ដុល្លារ ជាពិសេសត្រូវឈរចាំប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ជើងឯកក្រុមទី២ដែលត្រូវប្រកួតបន្តទៀតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមនេះ ។ សូមបញ្ជាក់ថា ការប្រកួតកម្ពុជាសង្វៀនគុនខ្មែរពីររដូវកាលកន្លងទៅគុនខ្មែរពីររូបបានឈ្នះខ្សែក្រវាត់នេះក្នុងនោះរួមមាន ម៉ឺន មេឃា វគ្គទី១ និង ធន់ ចាន់តាក់ វគ្គទី២ ៕