សប្តាហ៍នេះអាសង្ហាគុនខ្មែរឡើងសង្វៀនវិញប៉ះជើងខ្លាំងថៃ
ក្រោយបាត់មុខមួយរយៈដោយសារមានបញ្ហារបួសជើង អាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា បានវិលមកសង្វៀនវិញហើយដោយត្រូវប៉ះជើងខ្លាំងចាស់វង្សារបស់ថៃ នៅថ្ងៃអាទិត្យ ទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm គូមិត្តភាពអមវគ្គផ្តាច់ព្រ័ត្រ ។
បើមិនមានការប្រែប្រួលនោះទេម្ចាស់ពាន ISI Palm រដូវកាលទីមួយនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ណាំខៈបួន ដែលជាកីឡាកររឹងម៉ាំមួយរូបធ្លាប់ឈ្នះកីឡាករខ្មែរជាច្រើនផងដែរ ។ អ្នកប្រដាល់មកពីខេត្តបុរីរ៉ាំម្នាក់នេះធ្លាប់បរាជ័យក្រោយថ្វីដៃតែ រឿង សោភ័ណ្ឌ ប៉ុណ្ណោះ ប៉ុន្តែគេឈ្នះ កីឡាករ មឿន សុខហ៊ុន , ឡុង សុវណ្ណឌឿន , ពុទ្ធ ឆាយរិទ្ធី , ផុន ផាន់ណា និង សរ រាជសីហ៍ ជាដើម ។
ចំណែក កូនសិស្សរបស់លោក ហង្ស សឿន មិនដែលចាញ់នោះទេចាប់តាំងពីចូលប្រកួតដណ្តើមពានរហូតមានរបួសជើង ហើយអាចឡើងសង្វៀនវិញបាននេះ ។ ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងនៅវេលាម៉ោង ១១ ព្រឹកនាសង្វៀន ស៊ី អ៊ីន ស៊ី ក្នុងថ្ងៃប្រកួត ដណ្តើមពានរង្វាន់រវាង មឿន សុខហ៊ុន និង ឌិនណាផូ ផងដែរ ៕ អត្ថបទ៖ ជោគជ័យ