ឯកឧត្តម ស សុខា បញ្ជាថ្នាក់ក្រោមត្រួតពិនិត្យរឿងរបួស មាស ម៉ើ ក្រោយព្រមានវះកាត់សហព័ន្ធអសកម្ម
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោក ស សុខា បានបញ្ជាអោយថ្នាក់ក្រោមខាងសហព័ន្ធយូដូ តាមដានរឿងរបួសកីឡាករ មាស ម៉ើ ដែលបានទទួលរងក្នុងអំឡុងការប្រកួតស៊ីហ្គេមនាប្រទេស ហ្វីលីពីន ។ ការឱ្យត្រួតពិនិត្យបែបនេះ បន្ទាប់ពី មាស ម៉ើ បានទទួលរងរបួសជង្គង់ធ្ងន់មិនអាចហ្វឹកហាត់ និងពេលខ្លះមិនអាចដើរបាន ខណៈគ្រូពេទ្យឯកជនអោយរូបគេវះកាត់ទើបអាចហាត់បាន ប៉ុន្តែរូបគេគ្មានលទ្ធភាព ចំណែកសហព័ន្ធមិនសូវយកចិត្តទុកដាក់រឿងបញ្ហារបួសរបស់គេ ដែលធ្វើអោយរូបគេបង្ខំចិត្តរងការឈឺនៅស្រុកកំំណើតស្វែងរកថវិការព្យាបាលដោយខ្លួនឯង ។
ជើងខ្លាំង MMA របស់កម្ពុជាបានប្រាប់អោយដឹងថា រូបគេបានទៅពិនិត្យនៅមន្ទីរពេទ្យខេត្តសុរិន្ទ៍ និងពេទ្យពិភពក្រុង ខាងគ្រូពេទ្យបញ្ជាក់ថា ជង្គង់របស់គេមានឈាមកកក្នុងគន្លក់ជង្គង់ ទើបពេលអាកាសធាតុត្រជាក់ រឺពេលព្រឹក ធ្វើអោយគេឈឺចាប់ខ្លាំង ។ រូបគេបានបន្តថា ខាងសហព័ន្ធតែងប្រាប់ថារបួសរបស់គេមិនមានបញ្ហាធំនោះទេ ខណៈរូបគេមិនអាចហាត់ផង ។ក្រោយដំណឹងនេះបានដឹងដល់ឯកឧត្តម ស សុខា ទើបខាងសហព័ន្ធកោះហៅរូបគេទៅពិនិត្យ សារជាថ្មី ប៉ុន្តែមិនទាន់ដឹងអាចព្យាបាលបានរឺយ៉ាងណានោះទេ ពីព្រោះការវះកាត់ត្រូវចំណាយពី ១ពាន់ ទៅ២ពាន់ដុល្លារ ឯណ្ណោះ ។
សូមបញ្ជាក់ថា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោក ស សុខា បានធ្វើការព្រមានចំពោះមុខមន្ត្រីសហព័ន្ធកីឡាជាតិទាំងអស់ថា នឹងធ្វើការវះកាត់ចេញនូវសហព័ន្ធកីឡាណា ដែលអសកម្ម ឬមិនអនុវត្តតាមគោលការណ៍ក្រសួង ដើម្បីដើរឲ្យទាន់សភាពការណ៍ ជាពិសេសឆ្ពោះទៅរកភាពជោគជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនោះ ៕