ធន់ សុភា៖ អាជ្ញាកណ្តាលគួរមានវិធានការចំពោះកីឡាករថយផ្អែកខ្សែសង្វៀន
លោក ធន់ សុភា ដែលជាគ្រូបង្វឹកនៅក្លិបប្រដាល់ក្រសួងការពារជាតិ និងជាមន្ត្រីអាជ្ញាកណ្តាលរបស់សហព័ន្ធ ប្រដាល់គុនខ្មែរ បានបង្ហាញពីយោលបល់ទាក់ទងទៅការប្រើប្រាស់តួនាទីលើកីឡាករដែល ប្រកួតថយរហូតយកខ្សែសង្វៀនជាខ្នងបង្អែក ។
ធន់ សុភា បានបញ្ជាក់ថា អាជ្ញាកណ្តាលគួរតែរកវិធីកុំអោយកីឡាករថយផ្អែកខ្សែសង្វៀន ជាពិសេសនៅពេល ពួកគេកំពុងចាប់ឡាំគ្នាបើមានសកម្មភាពហើយនៅផ្អែកខ្សែសង្វៀនគួរតែទាញខ្សែសង្វៀនដើម្បីកុំអោយកីឡាករណាមួយយកខ្សែសង្វៀនជាខ្នងបង្អែក ជៀសវាងចូលបំបែកញឹកពេកធ្វើអោយការប្រកួតមិនល្អមើល និងកុំអោយកីឡាករខ្លះមិនប្រឹងចូលវ់ៃគិតតែពីថយទប់ៗ ។
ការលើកឡើងបែបនេះបន្ទាប់ពីលោកគ្រូ ធន់ សុភា មើលឃើញថាកីឡាករបរទេសមួយចំនួនជាពិសេសថៃ ដែលមកប្រកួតស្រុកខ្មែរភាគច្រើនវាយក្បាច់ថយទប់ៗនិងយកខ្សែសង្វៀនជាខ្នងបង្អែកដោយមិនព្យាយាមចូលវាយអោយអស់ពីសមត្ថភាព ។សូមបញ្ជាក់ថា នៅដើមខែ មិថុនា ឆ្នាំ២០១៩ នេះសហព័ន្ធប្រដាល់គុនខ្មែរនឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់ មន្ត្រីចៅក្រម អាជ្ញាកណ្តាលផងដែរ ៕