អតីតអ្នកប្រដាល់ យុគ យក្សគីល ត្រូវម្តាយប្រកាសរក ក្រោយបាត់ដំណឹងច្រើនខែ
ម្តាយរបស់អតីតអ្នកប្រដាល់គុនខ្មែរ យុគ យក្សគីល បានប្រកាសរកកូនប្រុសរបស់គាត់ដែលបានបាត់ដំណឹងជាច្រើនខែ ក្នុងអំឡុងបិទការចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសារបញ្ហាកូវីដ នាពេលកន្លងមក ។
ម្តាយរបស់ យុគ យក្សគីល បានអោយដឹងថា គាត់បានបាត់ដំណឹងកូនប្រុសច្រើនខែមកហើយ ដោយមិនដឹងថាស្លាប់ រឺ រស់ នោះទេ ដូចនេះបើមានបងប្អូនណាស្គាល់ រឺ ដឹងដំណឹង អំពី យុគ យក្សគីល សូមជួយផ្តល់ដំណឹងដល់គាត់ផង ។
លោកស្រីបន្តថា កូនប្រុសរបស់គាត់មានបញ្ហាគ្រួសារបែកបាក់ ធ្វើអោយខូចចិត្ត និងមានបញ្ហាស្មារតីខ្លះៗ ដោយមានតែ ម៉ូតូកង់បីមួយដើម្បីប្រកបរបរចិញ្ចឹមជីវិត និងគ្មានកន្លែងស្នាក់នៅពិតប្រាកដនោះទេ ។ ក្នុងការចែកផ្លូវជាមួយ ភរិយា យក្សគីល មានកូនចំនួន២នាក់ ដោយម្នាក់កំពុងរស់នៅជាមួយលោកស្រី នាខេត្ត បាត់ដំបង ។
យុគ យក្សីគីល ត្រូវបានប៉ូលិសឃាត់ខ្លួនយកទៅខណ្ខ ៧ មករា កាលពីខែ មេសា ២០២១ ដោយសាររូបគេមិនស្តាប់តាមការណែនាំអំពីការការពារកូវីដ១៩ ដូចជា ពាក់ម៉ាស់ និងការធ្វើដំណើរចេញក្រៅ ជាដើម ។ ចាប់តាំងពីពេលនោះមកដំណឹងរបស់គេក៏បានបាត់ រហូតដល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ថា យុគ យក្សគីល មានស្រុកកំណើតនៅខេត្ត បាត់ដំបង ដោយរូបគេជាកីឡាករគុនខ្មែរខ្លាំងមួយរូប ប៉ុន្តែបានឈប់មួយរយៈធំ ហើយបានវិលមកប្រកួតវិញក្នុងអំឡុងឆ្នាំ ២០១៨ រួចបន្តបាត់មុខរហូតមក ៕
លេខទំនាក់ទំនងម្តាយរបស់ យុគ យក្សគីល ០៦៨ ២៣៤ ៥៧០