
វង្ស ណយ៖ គិតខុសដែលធ្វើជាអ្នកប្រដាល់គុនខ្មែរ
បើដឹងថាធ្វើជាអ្នកប្រដាល់គុនខ្មែរក្របែបនេះគឺខ្ញុំមិនព្យាយាមត្រាចរពីខេត្តប៉ៃលិនមកផ្សងព្រេងហ្វឹកហាត់គុនខ្មែរឡើយ នេះបើយោងតាមការនិយាយរបស់អ្នកប្រដាល់គុនខ្មែរកែងពិស វង្ស ណយ។
គួរបញ្ជាក់ថា វង្សណយ គឺជាអ្នកប្រដាល់គុនខ្មែរដែលមានដើមកំណើតក្នុងខេត្តប៉ៃលិន រូបគេបានចាក់ចេញពីស្រុកកំណើតមករស់នៅក្នុងរាជធានីភ្នំពេញតាំងពីអាយុជាង១០ឆ្នាំ ក្នុងគោលបំណងមកហ្វឹកហាត់គុនខ្មែរបន្ថែមទៀត ដោយរូបគេយល់ថានៅពេលដែលរូបគេល្បីឈ្មោះក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនឹងអាចមានលុយច្រើននិងកេរ្តិ៍ឈ្មោះល្បីល្បាញអ្នកផងទាំងពួងស្រលាញ់រាប់អាន តែផ្ទុយមកវិញ រូបគេបានត្រឹមតែមានកិត្តិយស គ្មានលុយចាយគ្រប់គ្រាន់ដូចអ្នកប្រដាល់ល្បីឈ្មោះក្បែរជិតខាងយើងឡើយ។
វង្ស ណយ ត្រូវបានជនរួមជាតិទូទៅហៅគាត់ថាជាអ្នកប្រដាល់គុនខ្មែរកែងពិស ព្រោះថាពេលឡើងប្រកួតនៅលើសង្វៀនម្តងៗរូបគេតែងតែប្រើកែងផ្តួលឲ្យដៃគូសន្លប់ រឺក៏បែកជាមិនខាន ហើយមកដល់សព្វថ្ងៃនេះរូបគេមានអាយុក្បែរ៣០ឆ្នាំទៅហើយ ដោយមានបទពិសោធន៌ប្រកួតជាង២០០ដង៕