ក្រោយតាម២ឆ្នាំជាប់គ្នា ទីបំផុត Man United ប្រកាសចុះកុងត្រាជាមួយខ្សែបម្រើ Jadon Sancho ជាផ្លូវការ
ក្រោយពីតាមមើលចិត្តមើលថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុត Manchester United បានប្រកាសអំពីការព្រមព្រៀងជាផ្លូវការក្នុងចុះកុងត្រាជាមួយខ្សែបម្រើ Jadon Sancho ពី Borussia Dortmund ក្នុងតម្លៃខ្លួន៧៣លានផោន។
ជាក់ស្តែងក្រុមបិសាចក្រហមបានបង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យ២១ឆ្នាំនេះអស់រយៈពេល២ឆ្នាំមកហើយ ប៉ុន្តែការចរចារគ្នាជាមួយ Dortmund គឺមិនត្រូវតម្លៃគ្នាទាល់តែសោះ រហូតទាល់តែបានសម្រេចនៅក្នុងរដូវក្តៅនេះ។
យ៉ាងណាក្តីអតីតយុវជន Manchester City រូបនេះនៅមិនទាន់អាចមកបង្ហាញខ្លួនជាសមាជិកផ្លូវការរបស់ក្រុមលោក Ole Gunnar Solskjer នៅឡើយទេ ព្រោះកំពុងតែមានភារកិច្ចធំជាមួយក្រុមតោកំណាចអង់គ្លេសនៅក្នុងការប្រកួតប្រជែងពានរង្វាន់ UEFA Euro 2020។
គួរឱ្យដឹងថា សម្រាប់ការផ្ទេរមួយនេះក៏បានផ្តល់លុយចំណេញដល់ក្រុមលោក Pep Guardiola ចំនួន១៥លានដុល្លារផងដែរ ដោយ City បានចុះកិច្ចសន្យាជាមួយ Borussia Dortmund ក្នុងករណីលក់ Jadon Sancho បានតម្លៃថ្លៃ។