ក្រោយខានប្រកួត៦ខែនៅ CBS ព្រឿង សុជាតិ វិលមកប្រកួតវិញនៅសប្តាហ៍នេះ
អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ ព្រឿង សុជាតិ បានវិលមកសង្វៀន CBS វិញហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីខកខានមកប្រកួតជាង៦ខែកន្លងមក ដោយការវិលមកលើកនេះរូបគេ ត្រូវតតាំងជាមួយកីឡាករ សូត្រ ខេវិន ដណ្តើមប្រាក់លានខារ៉ាប៉ាវ ។
កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ក្នុងកំឡុងការហ្វឹកហាត់ត្រៀមខ្លួនរបស់គេថា នេះជាលើកទី៤ហើយដែលរូបគេត្រូវជួបកីឡាករ សូត្រ ខេវិន ដោយ៣ដងកន្លងមករូបគេឈ្នះ ២ និងស្មើម្តង ។ទោះបីធ្លាប់ទទួលជ័យជម្នះ ប៉ុន្តែ សុជាតិ មិនអាចមើលស្រាលគូប្រកួតបាននោះទេ ពីព្រោះមួយរយៈក្រោយនេះ ខេវិន កំពុងតែមានសមត្ថភាពឡើងគួរអោយចាប់អារម្មណ៍ នេះជាការបន្ថែមរបស់ សុជាតិ ។
សូមបញ្ជាក់ថា ការប្រកួតរវាង ព្រឿង សុជាតិ និង សូត្រ ខេវិន នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០៦ មិថុនា នេះក្នុងកម្មវិធីកំពូលអ្នកប្រដាល់គុនខ្មែរដណ្តើមប្រាក់លានខារ៉ាប៉ាវ ដែលមានការផ្សាយផ្ទាល់តាមទូរទ្សន៍ CTN CNC និង MYTV ចាប់ពីម៉ោង ២.៣០ នាទីរសៀលតទៅ ៕