តាញ់ មករា មានជំនឿចិត្តខ្ពស់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយ ឃីម បូរ៉ា
បន្ទាប់ពីចាំជិតបីខែរួចមក ទីបំផុតគុនខ្មែរ តាញ់ មករា បានរកឃើញដៃគូដណ្តើមខ្សែក្រវាត់ពិតប្រាកដឃើញហើយគឺ ឃីម បូរ៉ា បន្ទាប់ពីប្រកួតឈ្នះ ឈុត សេរីវ៉ាន់ថង។ គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ តាញ់ មករា បានផ្តួលកីឡាករ បាំង កាយ៉ាក ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ដណ្តើមបានពានរង្វាន់សង្វៀនកម្ពុជារដូវកាលទី៣ក្រុមទី១ ដោយកូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះត្រូវចំណាយពេលជាច្រើនខែដើម្បីរង់ចាំជើងឯកក្រុមទី២ ដោយរំពឹងថា អាចនិងបានជួបដៃគូចាស់ ឈុត សេរីវ៉ាន់ថង តែផ្ទុយមកវិញគឺ ឃីម បូរ៉ា ឯណោះវិញទេ។
ក្នុងកិច្ចសំភាសន៍ជាមួយក្រុមការងារ MSR SPORT នាគ្រាដែល ឃីម បូរ៉ា ទទួលពានរង្វាន់ គុនខ្មែរដែលមានដើមកំណើតក្នុងខេត្តកំពង់ឆ្នាំរូបនេះ បាននិយាយឲ្យដឹងថា៖ តាមពិតចង់ជួប វ៉ាន់ថង ខ្លាំងជាង តែប៉ះ បូរ៉ា ក៏មិនអីដែល ព្រោះអ្នកទាំង២គឺសមត្ថភាពប្រហាក់ប្រហែលគ្នា។ តែលើកនេះរូបគេមានការជឿជាក់ខ្លាំង ថាអាចដណ្តើមខ្សែក្រវ៉ាត់ពី បូរ៉ា បាន ដោយហេតុផល មិនចង់ខកចិត្តម្តងហើយម្តងទៀត ព្រោះកន្លងមករូបគេធ្លាប់ឈ្នះតែពានរង្វាន់ ដោយមិនធ្លាប់បានឈ្នះខ្សែក្រវាត់ម្តងណាឡើយ។ ចំណែកឯ ឃីម បូរ៉ា ក៏ដូចគ្នា ពោលគឺក៏មិនដែលធ្លាប់ឈ្នះខ្សែក្រវាត់ដូចគ្នា សរុបមក រវាងគុនខ្មែរទាំង២គឺត្រូវតែមានម្នាក់ជាម្ចាស់ខ្សែក្រវាត់នៅថ្ងៃខាងមុខនេះ។
សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់រវាង ឃីម បូរ៉ា និង តាញ់ មករា បើមិនប្រែប្រួលនោះទេ និងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា នៅសង្វៀន CBS ( CTN, MYTV & CNC) ចាប់ពីវេលាម៉ោង៨និង១៥នាទីព្រឹកតទៅ៕