នៅ ស្រីពៅ និង វី ស្រីខួច ចាប់ឆ្នោតប៉ះឥណ្ឌា ការប្រកួតជើងឯកសកលទី្វបអាស៊ី
កីឡាការិនីសកលជម្រើសជាតិរបស់កម្ពុជា នៅ ស្រីពៅ និង វី ស្រីខួច បានធ្វើការចាប់ឆ្នោតស្វែងរកដៃគូប្រកួតឃើញហើយ ដោយត្រូវជួបកីឡាការិនីមកពីប្រទេសឥណ្ឌាទាំងពីរនាក់ ក្នុងការប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ីដែលរៀបចំធ្វើ ឡើងនៅទីក្រុងបាងកក ប្រទេសថៃ ។
តាមការរៀបចំកីឡាការិនីកម្ពុជាទាំងពីរនាក់ត្រូវប្រកួតនៅថ្ងៃទី២១ ខែមេសា បើសិនជាឈ្នះឡើងទៅវគ្គទៀត ក្នុងនោះផងដែរសម្រាប់ផ្នែកបុរសមានបីនាក់ត្រូវប្រកួតនៅថ្ងៃទី១៩នេះចាប់ពីម៉ោង៣រសៀលគឺកីឡាករ បាង កានុន ប៉ះចិន កីឡាករ យ៉ុន ដារ័ត្ន ប៉ះ ស្រីលង្ការ និង វី សម្ភស្ស ជួប ឥណ្ឌា ខណៈពីរនាក់ទៀតត្រូវប្រកួតថ្ងៃស្អែកមាន ពេជ្រ ម្ទេសខ្មាំង ប៉ះ ចិន និង សៅ រង្សី ត្រូវឈរចាំដៃគូស្រាប់សម្រាប់អ្នកឈ្នះនៅថ្ងៃនេះ។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយដែលប្រដាល់សកលកម្ពុជាបានបញ្ចូនកីឡាករនិងកីឡាការិនីច្រើនរូបទៅចូលរួម ប្រកួតក្នុងជើងឯកទ្វីបអាស៊ីច្រើនដូចនេះ ពោលមានកីឡាការិនីចំនួន២នាក់ និងកីឡាករចំនួន៥នាក់ ៕