
ឆ្នាំនេះ វាន់ វឿន អាចនឹងរកបានជិត២ម៉ឺនដុល្លារ បើឈ្នះខ្សែក្រវាត់មាស១ទៀត
បន្ទាប់ពីផ្តួល បឺត សង្ឃឹម ដណ្ដើមបានខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ ដែលមានប្រាក់រង្វាន់៥០០០ដុល្លារ កាលពីសប្តាហ៍មុន វាន់ វឿន បានបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ប្រាក់ នៅក្នុងកម្មវិធីមួយផ្សេងទៀតដែលមានប្រាក់រង្វាន់រហូត១ម៉ឺនដុល្លារ ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ ISI នៅថ្ងៃនេះ វាន់ វឿន បានយកឈ្នះលើកីឡាករ អេ ណារ័ត្ន ដោយពិន្ទុ ៣ ទល់ ២ នាសង្វៀន PNN ។
ការឈ្នះនេះកូនសិស្សរបស់លោក សុខ វិជ័យ ត្រូវជួប កីឡាករ អេលីត ចំរើន ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស ដែលប្រាក់រង្វាន់១ម៉ឺនដុល្លារ នាថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២០ ។
ដូច្នេះបើសិន វាន់ វឿន គ្រងខ្សែក្រវាត់មាស១គ្រឿងទៀត នោះរូបគេអាចរកលុយពីការប្រកួតលើសង្វៀនបានរហូត ១៥០០០ ដុល្លារក្នុងការចូលរួមកម្មវិធីខ្សែក្រវាត់ពីរនេះ ហើយប្រសិនបើបូកតម្លៃខ្លួនប្រកួតកន្លងមកទៀត អាចជិត២ម៉ឺនដុល្លារ ៕