សមាសភាពកីឡាករគុនខ្មែរទៅស៊ីហ្គេមឆ្នាំនេះអាចនឹងប្រែប្រួល
ប្រភពជិតស្និតនៅជំរុំហ្វឹកហាត់គុនខ្មែរបានបង្ហើបថាកីឡាករគុនខ្មែរដែលត្រូវទៅប្រកួតនៅស៊ីហ្គេមនៅឆ្នាំនេះនា ប្រទេសហ្វីលីពីនអាចនឹងត្រូវផ្លាស់ប្តូរពោលកីឡាករប្រភេទទម្ងន់ ៤៥ និង ៤៨ អាចនឹងមិនមានឈ្មោះ ចេញទៅប្រកួតនោះទេ ។
ព្រឿង សុចឺត (ជា ចំរើន )និង ហ៊ីម គឹមរៀង ដែលប្រកួតក្នុងប្រភេទទម្ងន់ ៤៥ និង ៤៨ អាចនឹងមិនមានឈ្មោះវិញ ដោយសារខាងម្ចាស់ផ្ទះរៀបចំការប្រកួតមិនដាក់ប្រភេទទម្ងន់នោះ ខណៈកីឡាករដែលត្រៀមបញ្ចូនទៅ មាន ហ៊ីម សេរី ប្រភេទទម្ងន់ ៥១ , វាន់ វឿន (៥៤) , តាញ់ មករា (៥៧) , ឡៅ ចិត្រា (៦០) និង ឃុន ឌីម៉ា ( ៦៤ ) ។
ការប្រកួតស៊ីហ្គេមឆ្នាំ២០១៩ គ្រោងនឹងធ្វើឡើងនៅអំឡុងខែវិច្ឆិកា នាប្រទេស ហ្វីលីពីន ខណៈឆ្នាំ២០១៧ កន្លងមកសហព័ន្ធបញ្ចូនកីឡាករ៥នាក់ដែលមាន មឿន សុខហ៊ុច (មិនបានមេដាយ ) វាន់ វឿន និង ឡៅ ចិត្រា បានមេដាយសំរិទ្ធ , ម៉ឺន សុភា មេដាយប្រាក់ និង ឃុន ឌីម៉ា បានមេដាយមាស ៕