
ម្ចាស់ក្លឹបខ្លារខិន និយាយអំពីរបួសក្រញាំដៃ ចាន់ សំអាត ដែលត្រូវសម្រាកឡើងសង្វៀន
ធូរចិត្តបន្តិច ព្រោះក្រញាំដៃរបស់ ចាន់ សំអាត មិនរបួសធ្ងន់ធ្ងរដល់បាក់សម្រាករយៈពេលយូរនោះទេ ពេទ្យអោយសម្រាកពីសង្វៀនចន្លោះពី១ខែទៅ១ខែកន្លះ អាចចូលហ្វឹកហាត់និងឡើងប្រកួតវិញបានហើយ នេះបើយោងតាមសំដីរបស់អ្នកស្រី ឡុង រ៉ាវី ម្ចាស់ក្លឹបប្រដាល់ខ្លារខិនមានរិទ្ធ បាននិយាយប្រាប់ក្រុមការងារ MSR SPORT។
គួររំលឹកដែរថា របួសក្រញាំដៃខាងស្តាំរបស់គុនខ្មែរ ចាន់ សំអាត កើតឡើងនៅពេលដែលគុនខ្មែររូបនេះប្រកួតជាមួយ អេលីត សាន់ នៅសង្វៀន CBS។ បើយោងតាមសំដី ចាន់ សំអាត បាននិយាយប្រាប់ក្រុមការងារក្រោយពីរូបគេរបួសថា នៅចន្លោះទឹកទី៣នៅពេលដែលរូបគេប្តូរប្រើកណ្តាប់ដៃជាមួយ អេលីត សាន់ រូបគេបានដឹងខ្លួនឯងច្បាស់ថា មានបញ្ហាដៃទៅហើយ ទើបដើមទឹកទី៤ក៏សម្រេចបបួល អេលីត សាន់ ប្តូរជង្គង់តែម្តង។

ចាន់ សំអាត ប្រកួតជាមួយ អេលីត សាន់
គួរបញ្ជាក់ថា ខ្លាចាស់ភ្នំដងរែក ចាន់ សំអាត គឺជាអ្នកប្រដាល់គុនខ្មែរមួយរូប ដែលមានការគាំទ្រពីសំណាក់ប្រិយ៍មិត្តនិយមទស្សនាការប្រកួតគុនខ្មែរ ចាន់ សំអាត បច្ចុប្បន្នឋិតក្នុងចំណោមគុនខ្មែរមិនអន់ពេក ហើយក៏មិនខ្លាំងពេក តែជាអ្នកប្រដាល់ម្នាក់ដែលមានចិត្តអង់អាចក្លាហានគ្រប់សមរភូមិសង្វៀន៕