ក្រៀងក្រៃ និយាយអំពីក្បាច់ដែលនឹងត្រូវផ្តួល សុខហ៊ុច ឲ្យបោះបង់ការប្រកួតដូចលើកមុន
អ្នកប្រដាល់គុនថៃដែលមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងសង្វៀន ស៊ីអិនស៊ី នាកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm បាននិយាយប្រាប់ MSR ថា រូបគេមានបំណងចង់ប្រកួតឈ្នះគ្រប់ការប្រកួត ហើយក៏គ្មានបំណងចង់ទំលាក់ឲ្យកីឡាកររូបណាដែរ។ ថ្ងៃអាទិត្យនេះអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ នឹងត្រូវប្រកួតបង្គប់ជុំទី៤ជាមួយអ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច ស្របពេលដែលអ្នកប្រដាល់គុនខ្មែររូបនេះគឺត្រូវការប្រកួតឈ្នះ ក្រៀងក្រៃ ដើម្បីអោយច្បាស់១០០ភាគរយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខណៈដែលកូនសិស្សរបស់លោក ណន រិទ្ធ ត្រូវការជ័យជំនៈលើអ្នកប្រយុទ្ធមកពីសុរិន្ទ, ក្រៀងក្រៃដែល៣ប្រកួតឈ្នះទាំង៣ប្រកួតក៏បាននិយាយតបទៅកាន់ សុខហ៊ុច វិញថា បើអាចរូបគេនឹងផ្តួល សុខហ៊ុច អោយបោះបង់ការប្រកួតមួយម្តង ដោយប្រើក្បាច់ទាត់និងកែង។
គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុននៅសង្វៀនអាស៊ីអាគ្នេយ៍ ក្រៀងក្រៃ ធ្លាប់ផ្តួលអោយ សុខហ៊ុច បោះបង់ការប្រកួតក្នុងទឹកទី១ម្តងហើយ ដោយទាត់អោយ សុខហ៊ុច បោះបង់ការប្រកួតក្នុងទី១។ ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី២ ធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ដល់ម៉ោង១:៣០ តទៅ៕