
ពុទ្ធ ឆាយរិទ្ធី អាចនឹងសម្រេចក្តីស្រមៃជួប ឡៅ ចន្ទ្រា ម្តងទៀត
រន្ទះជើងដងទន្លេមេគង្គ ពុទ្ធ ឆាយរិទ្ធី ធ្លាប់មានក្តីស្រមៃចង់ជួប ឡៅ ចន្ទ្រា ម្តងទៀត បន្ទាប់ពីប្រកួតចាញ់អាសង្ហាគុនខ្មែរដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយ កាលពីដើមខែ ឧសភា កន្លងទៅ ។
កូនសិស្សរបស់លោក ណន រិទ្ធ ធ្លាប់លើកឡើងថាការចាញ់ ឡៅ ចន្ទ្រា រូបគេមិនអស់ចិត្តនោះទេ ព្រោះមុនប្រកួតវគ្គផ្តាច់ព្រ័ត្របីថ្ងៃជើងរបស់គេមានរបួសក្នុងអំឡុងហ្វឹកហាត់ធ្វើអោយមិនអាចទាត់បាន គ្រានោះក៏ចង់ពន្យាពេលប្រកួតដែរ ប៉ុន្តែជិតដល់ថ្ងៃប្រកួតពេកខាងរៀបចំកម្មវិធីមិនអាចធ្វើបាន ក៏សម្រេចប្រកួតតែម្តង យ៉ាងណាក៏ដោយ ឆាយរិទ្ធី ក៏បានសរសើរ ឡៅ ចន្ទ្រា ដែរថាជាអ្នកប្រដាល់ល្អ គ្រប់ក្បាច់ដែលពិបាកទប់ទល់ជាមួយ ។
អ្វីៗអាចនឹងសម្រេចបំណងរបស់គេបើសិនពួកគេឈ្នះដូចគ្នាក្នុងជុំទីមួយការប្រកួតលក្ខណម៉ារ៉ាតុង ជើងឯងគោជល់នៅថ្ងៃទី 21 កក្កដា នាសង្វៀន ស៊ី អ៊ី ស៊ី ឬស្សីកែវ ចាប់ពីម៉ោង ៦ល្ងាចតទៅ ។ ឡៅ ចន្ទ្រា នឹងត្រូវជួបជាមួយ នឹងត្រាក់កាន ខណៈ ពុទ្ធ ឆាយរិទ្ធី ប៉ះ រុងណាផា ដូចនេះបើកីឡាករ គុនខ្មែរទាំងពីរឈ្នះដៃគូរៀងៗខ្លួននឹងត្រូវជួបគ្នាក្នុងជុំទីពីរដើម្បីលុយលានម៉ារ៉ាតុងតែម្តង ៕