One Championship រង់ចាំទទួល មាស ម៉ើ ខណៈរូបគេបានបដិសេធដោយសារបញ្ហារបួស
កំពូលអ្នកលេងគុនចម្រុះរបស់កម្ពុជា មាស ម៉ើ បានដាច់ចិត្តទំលាយហេតុផលធំផ្ទាល់ខ្លួនមួយដែលធ្វើអោយរូបគេខកខានការប្រកួតសង្វៀនលំដាប់ពិភពលោក One Championship ជាច្រើនលើក ខណៈខាងកម្មវិធីកំពុងរង់ចាំទទួល កីឡាកររូបនេះជានិច្ច ទោះបីការប្រកួតកន្លងមករូបគេមិនទទួលបានជោគជ័យក៏ដោយ ។
មាស ម៉ើ បានប្រាប់ MSR SPORT ថា ពិតមែនហើយ សង្វៀន One Championship បានចុចឈ្មោះគេ ២ ទៅ ៣ ដងហើយដើម្បីចូលប្រឡូកក្នុងសង្វៀននេះ ប៉ុន្តែរូបគេមិនទទួលឡើងដោយសារចង់ពង្រឹងសមត្ថភាពបន្ថែមដូចជា គុនខ្មែរ ជាដើម ពីព្រោះមិនចង់វិលមកសង្វៀនជួបបរាជ័យដូចរាល់ដងនោះទេ ហើយបញ្ហាធំមួយទៀតគឺរបួសជង្គង់ ។
កីឡាករដើមកំណើតខេត្តកំពង់ធំ បន្តថា ពេលនេះគុនខ្មែរក៏ខ្ញុំហាត់មិនបានដែរដោយសាររបួសជង្គង់ដែលត្រូវការព្យាបាល២ទៅ៣ខែ ទើបអាចហាត់បាន ដូចនេះរូបគេបង្ខំចិត្តមកសន្សំលុយនិងលក់របស់របរខ្លះៗដើម្បីតស៊ូព្យាបាលអោយ ជានិងហាត់បាន១០០ភាគរយទើបទទួលការប្រកួត ព្រោះមិនចង់បានលុយហើយប្រកួតមិនកើតនោះទេ សុខចិត្តទ្រាំលំបាកខ្លួនឯងហើយក៏មិនចង់ប្រកាសជាសាធារណផងដែរចំពោះបញ្ហានេះ ។ ចំពោះថ្លៃព្យាបាលវិញអស់ប្រមាណពី ១០០០ ទៅ ២០០០ ដុល្លារ ។ ចុងក្រោយ មាស ម៉ើ ក៏សុំសំណូមពរដល់បងប្អូនណាដែលស្គាល់ពេទ្យព្យាបាលជង្គង់ដែលមានបញ្ហាឈាមកកនិងឃ្លាតត្រង់គន្លាក់ជង្គង់ដល់រូបគេផង ពីព្រោះកំពុងខ្វះខាតចំពោះការព្យាបាលនេះ ហើយរូបគេពិតជាចង់វិលចូលសង្វៀនវិញខ្លាំងណាស់ ។
សូមបញ្ជាក់ថា មាស ម៉ើ ជាកីឡាករជម្រើសជាតិផ្នែកយូដូ ដែលធ្លាប់ប្រកួតក្នុងទ្រុងក្នុងទឹកដីកម្ពុជានិងប្រទេសថៃមិនដែលចាញ់នោះទេ ខណៈការប្រកួត៣ដងចុងក្រោយនៅសង្វៀន One Championship រូបគេបានទទួលបរាជ័យទាំងអស់ធ្វើអោយរូបគេសម្រេចចិត្តផ្អាកតាំងពីឆ្នាំ ២០១៨ មកតែម្តង ៕