ក្រោយចប់បរិញ្ញាប័ត្រ សែន រ៉ាដេត មានពេលហាត់កាន់តែច្រើន ដើម្បីឡើងសង្វៀនឆាប់ៗ
កាលពីម្សិលមិញអ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកច្បាប់ពីសកល វិទ្យាល័យបៀលប្រាយដោយជោគជ័យ ។ ការទទួលសញ្ញាប័ត្រនេះហើយបានធ្វើអោយកីឡាករដើមកំណើត ខេត្តកោះកុងរូបនេះពេលមានហ្វឹកហាត់ពង្រឹងសមត្ថភាពគុនខ្មែររូបខ្លួនបានកាន់តែច្រើនដើម្បីវិលមក សង្វៀនវិញក្នុងពេលដ៏ខ្លីនាពេលខាងមុខ ។
ប្អូនប្រុសរបស់អតីតជើងខ្លាំង សែន រ៉ាឌី រូបនេះបានអោយដឹងថា រូបគេពិតជាសប្បាយចិត្តខ្លាំងនៅពេលបានបញ្ចប់ការសិក្សាដោយជោគជ័យបែបនេះ ហើយសម្រាប់គម្រោងរៀនបន្តរូបគេមិនទាន់គិតនោះទេ ព្រោះអ្វីដែលគេត្រូវធ្វើនៅពេលនេះគឺប្រឹងហាត់ឡើងវិញ សម្រាប់ការត្រៀមប្រកួតនាពេលខាងមុខ ស្របពេលពេលវេលានៃការហ្វឹកហាត់គឺមានគ្រប់គ្រាន់ឡើងវិញសម្រាប់រូបគេ ។
សែន រ៉ាដេត បានខកខានឡើងសង្វៀនចាប់តាំងពីចុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ខណៈជើងខ្លាំងទម្ងន់ស្រាល ៥១ គីឡូក្រាមរូបក៏ត្រៀមឡើងសង្វៀន WLC ក្នុងខែមិនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ បន្ទាប់ពីរូបគេបានចុះកិច្ចសន្យាធ្វើជាកីឡាករកិត្តិយសក្នុងកម្មវិធីរបស់ភូមានេះ ។ យ៉ាងណា រ៉ាដេត កំពុងប្រឹងហាត់ខ្លាំងក្រោមការបង្វឹកផ្ទាល់ពីបងប្រុសរបស់ខ្លួនគឺកីឡាករ ឆ្លាមស ដើម្បីឡើងសង្វៀនអោយបានមុនចូលប្រឡូកសង្វៀន WLC ផងដែរ ៕