កីឡាករគុនខ្មែរបីរូបដែលដាក់ចិត្តសម្រកទម្ងន់បានសម្រេចហើយវ៉ៃល្អ
អ្នកប្រដាល់មួយចំនួនបើបណ្តោយអោយទម្ងន់របស់ខ្លួនកើនឡើងខុសពីវ័យ កម្ពស់ រឺ រាង្គកាយ នោះនឹងធ្វើអោយប៉ះពាល់ដល់ការប្រកួតរបស់គេនៅលើសង្វៀន ដូចនេះហើយកីឡាករគុនខ្មែរ មួយចំនួន បានព្យាយាមធ្វើទម្ងន់របស់គេអោយមកដល់កម្រិតមួយដែលគេចង់បាន នៅពេលដែលគេជួប បញ្ហាអ្វីមួយធ្វើអោយឡើងទម្ងន់ខ្លាំង ។ ថ្ងៃនេះវេបសាយកីឡា MSR នឹងលើកយកកីឡាករគុនខ្មែរបីរូបដែលឡើងទម្ងន់ហើយអាចសម្រកមក នៅចំណុចល្អវិញហើយជោគជ័យពេលប្រកួតទៀតផង ។
១. ចាន់ រតនា
អ្នកប្រដាល់ដែលចេះច្រើនក្បាច់រូបនេះធ្លាប់ធ្វើបានជោគជ័យក្នុងការសម្រកទម្ងន់របស់គេរហូតដល់ ជាង១០គីឡូក្រាម ។ ក្នុងឆ្នាំ២០១៤ ដោយសារខានឡើងប្រកួតយូរធ្វើអោយម្ចាស់ក្លិបប្រដាល់សីល្បៈ មានទម្ងន់ជាង៧០គីឡូក្រាម ប៉ុន្តែដោយសារមានឈ្មោះប្រកួតក្នុងកម្មវិធីម៉ារ៉ាតុនទម្ងន់ចន្លោះពី ៦៣.៥ ទៅ ៦៥ ក្នុងព្រឹត្តិការណ៍ One Championship ឆ្នាំ២០១៤ ធ្វើអោយរូបគេត្រូវ ដាក់ចិត្តសម្រកអោយបានសម្រេច ។
រយៈពេលមិនដល់៦ខែផង ចាន់ រតនា អាចធ្វើបានហើយសម្រាប់ការប្រកួតវិញរូបគេប្រកួតជុំទីមួយប៉ះ ប្រាក់ ចាន់ស៊ីម ហើយក៏ឈ្នះឡើងទៅជួបជាមួយ សំអាង ឌុន ដែលឈ្នះ ជិន ហេង ប៉ុន្តែដោយសារប្រកួតខុសបទបញ្ជា រតនា ត្រូវបានកាត់ក្តីអោយចាញ់ ។ យ៉ាងណានៅឆ្នាំ២០១៥ ចាន់ រតនា ក៏មានឱកាសសងសឹកដោយផ្តួលអោយ សំអាង ឌុន អោយបោះបង់ការប្រកួតវិញ ។ បន្ទាប់ពីនោះមក ចាន់ រតនា តែងតែធ្វើបានល្អទាំងការប្រកួតគុនខ្មែរនៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន្ត និង ព្រឹត្តិការណ៍ One Championship រហូតដល់បច្ចុប្បន្ននេះរូបគេក៏នៅរក្សាទម្ងន់បានល្អផងដែរ ។
២. ផាន់ គ្រាន់
ដោយសារគ្រូបង្វឹករបស់គេលោក ផាន់ ផាន់ណាត់ បានទទួលមរណៈភាពធ្វើអោយក្លិបត្រូវបិទ ហើយ រូបគេក៏មិនមានកន្លែងហាត់ល្អ ដូចច្នេះទម្ងន់របស់គេចេះតែឡើងជាលំដាប់រហូតជិត៧០គីឡូក្រាម ។ ការប្រកួតរបស់គេវិញក៏ធ្លាប់ចុះទៅតាមហ្នឹងដែរ ។ យ៉ាងណាក៏ដោយការតាំងចិត្ត និងបានចូលរួម ទៅហាត់ជាមួយក្លិបពុទ្ធសេរីវង្សរូបគេបានធ្វើអោយមានភាពផ្ញាក់ផ្អើលមកវិញដោយសម្រកមកប្រកួត ៦៥ និង ៦៣.៥ បានសម្រេចនិងរកខ្សែក្រវាត់បានរហូតដល់៣គ្រឿងក្នុងមួយឆ្នាំ ។ ទោះបីយ៉ាងណាបច្ចុប្បន្នរូបគេ ក៏នៅតែរក្សាបាន ៦៣.៥ ប៉ុន្តែសមត្ថភាពធ្លាក់ចុះបន្ថិចនៅប៉ុន្មានប្រកួតចុងក្រោយនេះ ។
៣. កែវ រំចង់
អ្នកប្រដាល់ចិត្តសឿងរូបនេះមានការគាំទ្រខ្លាំងពីអ្នកទស្សនារាល់ការប្រកួតរបស់គេម្តងៗ ពិសេសក្នុង អំឡុងរូបគេវ៉ៃទម្ងន់ ៦៩ គីឡូក្រាមមិនងាយមានកីឡាករបរទេសណាអាចឈ្នះរូបគេបានទេ ប៉ុន្តែដោយសាររូបគេខានប្រកួតនិងមានបញ្ហាគ្រោះថ្នាក់ចរារចណ៍ បានធ្វើអោយកើនទម្ងន់រហូតជិត៨០គីឡូក្រាម ។ អ្នកប្រដាល់ខេត្តបាត់ដំបងបានដាក់ចិត្តជាថ្មីក្នុងឆ្នាំ២០១៨ ដោយការវិលមកវិញរបស់ខ្លាកំណាចរូបនេះ ប្រកួតទម្ងន់ ៧៨ បន្ទាប់មក ៧៥ គីឡូក្រាមហើយទើបចាញ់មួយប្រកួតតែប៉ុណ្ណោះ ខណៈថ្មីៗនេះ បុរសកូនពីររូបនេះបានដាក់កំណត់ប្រកួតត្រឹម ៦៩ គីឡូក្រាមវិញផងដែរ ៕