ពេជ្រ ម្ទេសខ្មាំង ប្រកួតដណ្តើមខ្សែក្រវាត់នៅភូមាលើកនេះអាចទទួលបានថវិកាខ្ទង់ម៉ឺនដុល្លារ
ប៉ុន្មានឆ្នាំចុងក្រោយយើងសង្កេតឃើញថាមានអ្នកប្រដាល់គុនខ្មែរជាច្រើនបានមានឪកាសចេញទៅប្រកួតនៅក្រៅស្រុក ក្នុងនោះមានទាំងឈ្នះ, ចាញ់ នឹងដណ្តើមបានខ្សែក្រវ៉ាត់ផងដែរ។
លោកគ្រូ ហ៊ុន ចន្ទរាជ គឺជាប្រូម៉ូទើរម្នាក់ក្នុងចំណោមប្រម៉ូទើរជាច្រើនរូបដែលបាននាំអ្នកប្រដាល់គុនខ្មែរចេញទៅប្រកួតនៅក្រៅស្រុក។ សម្រាប់ឆ្នាំថ្មីនេះលោកក៏ធ្លាប់បង្ហើបអោយដឹងថា លោកនឹងដឹកនាំអ្នកប្រដាល់គុនខ្មែរប្រហាក់ប្រហែល៧ទៅ៨រូបចេញទៅប្រកួតនៅក្រៅស្រុក។ ហើយលោកក៏មានអារម្មណ៍សប្បាយចិត្តគ្រាដែលកីឡាករ ឡៅ ចិត្រា បានយល់ព្រមទៅប្រកួតនៅ One Champions ក្នុងចន្លោះគីឡូ ៥៧ទៅ៦១។
លោក ចន្ទរាជ ក៏បានបង្ហើបឲ្យដឹងបន្ថែមទៀតថា តាមពិតលោកមិនចង់ប្រកាសរកកីឡាករគុនខ្មែរគីឡូ៦១ទេ ដោយលោកនឹងអាចយក ពេជ្រ ម្ទេសខ្មាំង ទៅចូលរួមប្រកួតក្នុងកម្មវិធី One Champions តែដោយសារតែ ពេជ្រ ម្ទេសខ្មាំង ត្រូវមានភារកិច្ចត្រៀមទៅចូលរួមប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅភូមា ដូច្នេះទើបលោកប្រកាសរកកីឡាករខ្លាំងគុនខ្មែរប្រភេទទំងន់៦១គីឡូក្រាមតែម្តង ហើយបើនិយាយអំពីតម្លៃខ្លួនវិញក៏ខុសគ្នាច្រើនដែរ ពោលគឺទៅប្រកួតក្នុងកម្មវិធី One Champions នាថ្ងៃខាងមុខនេះអាចទទួលបានថវិកាចន្លោះពី៥ទៅ៦ពាន់ដុល្លារអាមេរិក តែ ពេជ្រ ម្ទេសខ្មាំង វិញ អាចបានកំរៃខ្លួនខ្ទង់ម៉ឺនដុល្លារ ព្រោះនេះគឺជាការប្រកួតដណ្តើមខ្សែក្រវាត់លក្ខណៈពិភពលោក។ ហើយថ្ងៃដែលប្រកួតច្បាស់លាស់របស់ ពេជ្រ ម្ទេសខ្មាំង នាថ្ងៃខាងមុខនេះ លោកនៅមិនទាន់ប្រាកដនៅឡើយទេ៕