ជើងខ្លាំងគុនខ្មែរពីររូបក្លាយជាអ្នកលក់ឡានក្រោយបញ្ចប់អាជីពឡើងសង្វៀន
អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះចំនួនពីររូបបានបានចាប់យកមុខរបរជាអ្នកលក់ឡានក្រោយបញ្ចប់អាជីពឡើងសង្វៀនអស់រយៈពេលជាយូរ ក្នុងនោះមានម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា និងម្ចាស់ខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធ PNN សែន រ៉ាឌី ។
វ៉ន វីវ៉ា ដែលមានបញ្ហារបួសដៃកាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជាមួយកីឡារកបរទេសបានសម្រាករហូតដល់ឆ្នាំ២០១៨ ហើយ ប្រកាសវិលចូលសង្វៀនសារជាថ្មី ប៉ុន្តែការមកវិញគឺមិនដូចដើមនោះទេពោលមិនអាចធ្វើល្អដូចដើមឡើយក៏សម្រេចចិត្តបោះបង់ការឡើងសង្វៀនទាំងស្រុងតែម្តង ។ ក្រោយបញ្ចប់អាជីពស្វាម៉ីរបស់កីឡាការិនីតៃក្វាន់ដូ ស៊ន ដាវិន បានចាប់យកមុខរបរបើកតាក់ស៊ី ( Taxi ) ហើយបានបន្តក្លាយជាអ្នកលក់ឡានដល់បច្ចុប្បន្ន ។
ចំណែកអ្នកប្រដាល់ខេត្តកោះកុង សែន រ៉ាឌី ដែលជាជើងខ្លាំងប្រចាំប្រទេសមកពីខេត្តកោះកុង ក៏បានចាប់យកមុខរបរលក់ រថយន្តផងដែរ ក្រោយរៀបការកាលពីឆ្នាំ២០១៨ ។ ម្ចាស់មេដាយមាសកីឡាករវ៉ូវីណាម រូបនេះបានបោះបង់ការប្រកួតគុន ខ្មែរកាលពីឆ្នាំ២០១៥ ដោយសារបញ្ហារបួស ។