ស៊ន អេលីត បង្ហើបពេលវេលា សុខហ៊ុច ឡើងសង្វៀនវិញ
គ្រូបង្វឹកក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស លោក ស៊ន អេលីត បានបង្ហើបពីពេលវេលាដែល មឿន សុខហ៊ុច អាចឡើងប្រកួតប្រកួតបាន បន្ទាប់ពីរងរបួសអស់រយៈពេលជិត៥ខែមកហើយដោយសារបញ្ហារបួសបាក់ឆ្អឹងជើងក្នុងអំឡុងការប្រកួតជាមួយកីឡាករ ឡុង សំណាង កាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមកនាសង្វៀន CNC ឬស្សីកែវ ។
លោកគ្រូ ស៊ន អេលីត បានបញ្ជាក់ថា បើមើលតាមស្ថានភាពរបួសរបស់សិស្សថ្មីរបស់លោកម្នាក់នេះ ប្រហែលបុណ្យចូលឆ្នាំខ្មែរចប់ ទើបលោកអាចអោយ សុខហ៊ុច ចេញប្រកួតបាន ពោលក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២១ តាមស្ថានភាពជាក់ស្តែងពីរបួសរបស់គេ ។
សម្រាប់ មឿន សុខហ៊ុច ផ្ទាល់ក៏បានបង្ហើបផងដែរថា របួសជាបានប្រហែល ៧០ ទៅ ៨០ ភាគរយហើយ ដោយរូបគេកំពុងហ្វឹកហាត់បានខ្លះៗដូចជាវាយដៃជាដើម ប៉ុន្តែសម្រាប់ជើងមិនទាន់ហ៊ានប្រើទាត់ខ្លាំងៗនោះទេ ហើយការរត់ក៏មិនទាន់រត់បានឆ្ងាយដែរ ។ អតីតកីឡាករនៅក្លិប ពុទ្ធសេរីវង្ស បន្ថែមថា បើតាមស្មានប្រហែល ២ ទៅ ៣ ខែទៀត ទើបគេអាចវិលមកសង្វៀនប្រកួតវិញបាន ដោយបច្ចុប្បន្នកំពុងស្នាក់នៅក្លិប នាយកដ្ឋានអង្គរក្ស ដើម្បីហាត់ពង្រឹងសមត្ថភាពនិងរក្សាទម្ងន់ ។
សូមបញ្ជាក់ថា មឿន សុខហ៊ុន បានផ្លាស់ពីក្លិប ពុទ្ធសេរីវង្ស មកកាន់ក្លិប នាយកដ្ឋានអង្គរក្ស ក្នុងតម្លៃ២០០០ដុល្លារ បានប្រហែលជិត១ខែមកហើយ នឹងត្រៀមផ្លាស់ប្តូរឈ្មោះពី មឿន សុខហ៊ុន ទៅជា អេលីត សុខហ៊ុច វិញផងដែរ ៕