ក្លិប វិសាខា ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Pre-season ជាលើកទី៣
ក្លិបបាល់ទាត់ វិសាខា បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Pre-season មុនបើករដូវកាលលីគកំពូលកម្ពុជាជាលើកទី៣ជាប់គ្នា បន្ទាប់ពីប្រកួតឈ្នះ គិរីវង់សុខសែន នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ នេះក្នុងលទ្ធផល ៣ ទល់ ០ នាកីឡដ្ឋានខេត្ត ព្រៃវែង ក្នុងពានរង្វាន់ Prey Veng Pre-season ។
នេះជាការចូលរួមប្រកួតពានរង្វាន់បើករដូវកាលជាលើកទី៣ របស់ក្លិបបាល់ទាត់ វិសាខា ដោយលើកទីមួយបានប្រកួតក្នុងពានរង្វាន់ Charity Cup នៅខេត្ត សៀមរាប ដោយទទួលបានជើងឯក ក្នុងនោះបានប្រកួតឈ្នះ ព្រះខ័នរាជស្វាយរៀង ២ ទល់ ១ និងឈ្នះ អង្គរថាយហ្គឺរ ២ ទល់ ០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ការចូលរួមប្រកួតពានរង្វាន់បើករដូវកាលលើកទី២ គឺពានរង្វាន់ Forward Pre-season ដោយប្រកួតឈ្នះ ព្រះខ័នរាជស្វាយរៀង ៤ ទល់ ១ និងចាញ់ ភ្នំពេញក្រោន ៣ ទល់ ២ ក្នុងវគ្គផ្តាច់ព្រ័ត្រ បានត្រឹមលេខ២ ។
សម្រាប់ពានរង្វាន់ Prey Veng Pre-season ក្លិបបាល់ទាត់ វិសាខា បានចូលរួមជាលើកទី៣ ដើម្បីត្រៀមខ្លួនលីគកំពូលកម្ពុជាដែលចាប់ផ្តើមនៅខែ មិនា ខាងមុខនេះ ។ ការឈ្នះ គិរីវង់ ៣ ទល់ ០ ក្លិប វិសាខា នឹងរង់ចាំប្រកួតផ្តាច់ព្រ័ត្រជាមួយអ្នកឈ្នះរវាង ព្រែវែង និង អគ្គិសនីកម្ពុជា ដែលត្រូវប៉ះគ្នានៅថ្ងៃនេះវេលាម៉ោង ៣ រសៀល នាកីឡដ្ឋានខេត្ត ព្រៃវែង ៕