PSG កំណត់តម្លៃកប់ពពកសម្រាប់ក្រុមណាចង់បាន Kylian Mbappe នៅដំណាច់រដូវកាលនេះ
ក្រុមបងធំបារាំង Paris Saint Germian ត្រូវបានកាសែតកិឡា L’Équipe បានចុះផ្សាយមកថា កំណត់តម្លៃចំនួន២០០លានអឺរ៉ូសម្រាប់ក្រុមណាដែលមានបំណងចង់បានខ្សែប្រយុទ្ធ Kylian Mbappe នៅដំណាច់រដូវកាលនេះ។
របាយការណ៍ដែលនិយាយអំពីការកំណត់តម្លៃខាងលើរបស់ក្រុមមហាសេដ្ឋីអារ៉ាប់គឺ ស្របពេលដែលសារព័ត៌មាននៅបារាំងជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Kylian Mbappe កំពុងទាមទារចាកចេញនៅរដូវក្តៅខាងមុខ ក្រោយពីមិនទាន់យល់ព្រមនៅក្នុងការបន្តកុងត្រាថ្មី។
កាលពីពេលថ្មីៗនេះ អតីតសមាជិក AS Monaco ខាងលើបានបង្ហាញទម្រង់លេងយ៉ាងល្អនៅពានរង្វាន់ UEFA Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី១ ទល់នឹង FC Barcelona ដោយរូបគេអាចស៊ុតបញ្ចូលទីបានដល់ទៅ៣គ្រាប់ម្នាក់ឯងនៅកីឡដ្ឋាន Camp Nou។
គួរឱ្យដឹងថា កុងត្រារបស់ Kylian Mbappe នៅជាមួយក្រុមមហាសេដ្ឋីអារ៉ាប់មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។