ឡុង សុវណ្ណឌឿន នឹកឃើញរឿងខៀវភ្នែកទាំងអស់សំណើចជាមួយ តាក់សិលា ដែលត្រូវជួបគ្នានៅចុងសប្តាហ៍នេះ(មានវីដេអូប្រកួត)
ខ្ញុំចាំបាននៅជំនួបប្រកួតជាមួយកីឡាករថៃ តាក់សិលា ប្រានសងហុក រូបនេះកាលពីជាង១ឆ្នាំមុន ព្រោះគេធ្លាប់វ៉ៃខ្ញុំមួយកែងខៀវភ្នែក តែក្រោយមកខ្ញុំក៏ប្រកួតឈ្នះពិន្ទុកីឡាករថៃរូបនេះដោយឯកច្ឆ័នក្នុងការប្រកួតតែ៣ទឹក ទាំងនេះគឺជាសំដីរបស់កីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន ដែលបាននិយាយប្រាប់ MSR SPORT។ កូនសិស្សរបស់លោក ឡុង សាវន្ត័ រូបនិយាយក៏បាននិយាយបន្ថែមទៀតថា គ្រាន់តែដឹងថារូបខ្លួនត្រូវមានឈ្មោះប្រកួតនៅសង្វៀនបាយ័នជាមួយ តាក់សិលា ក៏មានអារម្មណ៍អស់សំណើចភ្លាម ដោយបាននឹកឃើញរឿងរ៉ាវដែលធ្លាប់ប្រកួតជាមួយកីឡាករថៃនេះ ក្នុងនោះ ឡុង សុវណ្ណឌឿន បានរំលឹកថា កាលពីជាង១ឆ្នាំមុននៅក្នុងសង្វៀនហ្សូរ៉ាដែលរៀបចំដោយសង្វៀនស៊ីធីអិន ការប្រកួតបានឈានចូលដល់ទឹកទី៣ ស្របពេលរូបខ្លួនកំពុងតែដេញវ៉ៃកីឡាករថៃនោះសឹងតែបោះបង់ការប្រកួតទៅហើយ ស្រាប់តែលឺសំលេងលោក ហេង សារ៉េត ស្រែកពីចម្ងាយថា ឌឿនៗប្រឹងវ៉ៃអោយដេកទៅបានលុយ១០០ដុល្លារពីអ្នកឧបត្ថម្ភ លឺដូចនោះក៏ព្យាយាមដេញវ៉ៃ តាក់សិលា ដើម្បីចង់បានលុយ១០០ដុល្លារ ខណៈដែលខ្លួនឯងក៏អស់កំលាំងទៅហើយនោះ ស្រាប់តែត្រូវ តាក់សិលា វ៉ៃ១កែងធ្វើអោយខៀវភ្នែកតែម្តង ហើយរឿងនេះធ្វើឲ្យរូបខ្លួនចង់ចាំមិនភ្លេច។
គួរបញ្ជាក់ថា៣ប្រកួតចុងក្រោយនៃការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរសារជាថ្មីនេះ ម្ចាស់ហាងលក់គ្រឿងសាច់ក្លែមគុនខ្មែរ ឡុង សុវណ្ឌឌឿន គឺនៅមិនទាន់ប្រកួតបានល្អនូវឡើយទេ ពោលគឺ ឈ្នះ១ ស្មើ១ និង ចាញ់ដោយសន្លប់១ដង ហើយសម្រាប់ជំនួបលើកទី៤ជាមួយនឹងដៃគូចាស់ តាក់សិលា រូបនេះ ឡុង សុវណ្ឌឌឿន មិនទាន់ប្រាកដក្នុងចិត្តថាអាចប្រកួតឈ្នះដូចមុននោះឡើយ ដោយអោយរងចាំទស្សនានៅលើសង្វៀនផ្ទាល់ ដោយការប្រកួតធ្វើឡើងនៅថ្ងៃសុក្រទី១០ចុងសប្តាហ៍នេះ នៅស្ថានីយ៍ទូរសទ្សន័បាយ័ន្ត វេលាម៉ោង៧យប់តទៅ៕ មានវីដេអូននៅខាងក្រោមនេះ….